យុទ្ធនាការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ រងរបួស និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍
(ខេត្តស្វាយរៀង)៖ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យនៅកម្រិតទាប មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចូលមកដល់នាពេលខាងមុខ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងមានការចូលរួមពីសមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងសមត្ថកិច្ចនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយសំណេះសំណាល រៀបចំកម្រងសំណួរ ចម្លើយ ដល់ប្រជាពលរដ្ឋ និងសាធារណៈជន កំពុងធ្វើដំណើតាមដងផ្លូវចំណុច ភ្លើងស្តុបសួនតាឌី និងនៅទំនប់តាណេង ច្រាំងតាបុល ខាងមុខ ផ្ទះសំណាក់សមាគមនារី ស្ថិតនៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ក្រុមការងារ បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវការយល់ដឹងនូវសារសំឡេង ដល់សាធារណៈជនទូទៅដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ និងបានផ្សព្វផ្សាយបញ្ជ្រាបនូវសារ របស់ក្រសួង សុខាភិបាលពាក់ព័ន្ធទៅនឹងវិធានការ ការពារពីជំងឺកូវីដ–១៩ ចំនួន ដោយមានអ្នកចូលរួមសរុបចំនួន ៣៥៧ នាក់ ។
ក្នុងយុទ្ធនាការនេះ ក្រុមការងារសាខា និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ចែកជូននូវឯកសារពាក់ព័ន្ធ ខិត្តប័ណ្ណនានា ច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន១,៥២០សន្លឹក បិទចំណាំងផ្លាត ៤០០សន្លឹក ជែលលាងសម្អាតដៃ១៦០ដប ម៉ាស់ ៤៨០ បន្ទះ និងមានការរៀបចំជាកម្មវិធីសំណួរចម្លើយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ចែកមួកសុវត្ថិភាព ចំនួន ៦០មួក ដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវ (មួកសាខា ៣០មួក មន្ទីរសាធារណៈការ និងដឹងជញ្ជូន ៣០មួក ) ផងដែរ៕