ប្រកាសតែងតាំង ព្រះចៅអធិការវត្ត សុវណ្ណគិរី ឃុំភ្នំតូច ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖គណៈសង្ឃ គ្រប់ជាន់ថ្នាក់ទាំងគណៈមហានិកាយទាំងគណៈធម្មយុត្តិកនិកាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវពង្រឹងយន្តការដែលមានស្រាប់ និងកែលម្អបន្ថែមលើការដឹកនាំបព្វជិត ភិក្ខុ សាមណេរ ស្ថិតនៅក្នុងវិន័យសីលធម៌ និងអភិសមាចារ ស័ក្ដិសមជាសាមណៈជាមន្ត្រីសង្ឃ។លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តសុវណ្ណគិរី ព្រះនាមព្រះភិក្ខុសុរិយប្បញ្ញោ ធូ ប្រុញ វស្សា៧ ងារដើមជាព្រះចៅអធិការស្ដីទី ស្ថិតនៅក្នុងឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
បន្ទាប់ពីពិធីប្រកាសប្រគល់សេចក្ដីសម្រេច ប្រគល់ភារៈកិច្ចឲ្យគណៈសង្ឃ ការប្ដេជ្ញាចិត្តរបស់ព្រះចៅអធិការថ្មី ព្រះមុនីរក្ខិតរង្សី សៀង សុង ព្រះអនុគណស្រុកមង្គលបូរី បានមានសង្ឃដីកាថា ការប្រកាសតែងតាំងជាអ្នកដឹកនាំក្នុងវត្តសុវណ្ណគិរីនាថ្ងៃនេះ ពេលបានតួនាទីហើយត្រូវធ្វើយ៉ាងណារួមសហការ សាមគ្គីផ្ទៃក្នុងឲ្យបានខ្ជាប់ខ្ជួន ជាពិសេសចំពោះករណីអធិករណ៍ដែលកើតឡើងក្នុងជួរគណៈសង្ឃគ្រប់ឋានានុក្រម ត្រូវយកចិត្តទុកដាក់ដោះស្រាយជាអាទិភាពនិងឆាប់រហ័ស មិនត្រូវធ្វេសប្រហែសទុកចោលរហូតដល់ក្លាយទៅជាបញ្ហាធំបណ្ដាលឲ្យមានភាពអាស្រូវប៉ះពាល់ដល់កិត្យានុភាពនិងសក្ដានុពល ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងជីវិតសាសនានៃសុខសន្តិភាព។
ក្នុងឱកាសនេះផងដែរ លោក បៀវ ថាន បានធ្វើការកោតសរសើរដោយស្មោះចំពោះវត្តសុវណ្ណគិរី ដែលបានបង្កលក្ខណៈឲ្យសមណសិស្សបានរៀនសូត្រពុទ្ធិកសិក្សាជាច្រើនអង្គ បច្ចុប្បន្នជាវត្តគំរូគេក្នុងស្រុកមង្គលបូរី សាមណៈសិស្សបានរៀនសូត្រនូវការអប់រំលើមុខវិជ្ជាផ្សេងៗជាទីកន្លែងបណ្តុះបណ្តាលនូវបញ្ញាញាណ ទីកន្លែងបង្កើននូវធនធានមនុស្សសម្រាប់អនាគតខ្លួនឯង គ្រួសារនិងសង្គមជាតិ។ចុងក្រោយ គណៈអធិបតីបានធ្វើការស្រោចស្រពសុគន្ធវារី ដល់ព្រះគ្រូចៅអធិការថ្មីនាថ្ងៃនេះផងដែរ៕