ខេត្តបន្ទាយមានជ័យ៖ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្តនៅតាមគោលដៅទេសចរ រមណីយដ្ឋាននានា ក៏ដូចជាវត្តអារាម ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ យ៉ាងច្រើនកុះករ បើប្រៀបធៀបឆ្នាំកន្លងទៅមានការកើនឡើងគួរឲ្យកត់សម្គាល់។
នៅក្នុងខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងទីវត្តអារាម បានរៀបចំកែលម្អយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញ ពិសេសតុបតែងបែបបទប្រពៃណីខ្មែរ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះថ្ងៃទី១ ជាថ្ងៃចាប់ផ្តើមនៃពិធីបុណ្យចូលឆ្នាំខ្មែរត្រូវថ្ងៃទី១៤ ខែមេសា នៅតាមទីវត្តអារាមមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ រាំលេងកំសាន្ត វត្តខ្លះមានរៀបចំកីឡាប្រដាល់ថែមទៀតផង ប៉ុន្តែមិនសូវមានអ្នកចូលរួមប៉ុន្មាននោះទេ។ក៏ប៉ុន្តែក្រឡេកមើលនៅតាមផ្លូវសាធារណៈ ទីប្រជុំជន និងតាមផ្ទះមានការលេងប៉ាតម្សៅ បាញ់ទឹក ផឹកស៊ីចាក់ធុងបាសរាំលេងកម្សាន្តសប្បាយហូរកញ្ជ្រាវរហូតដល់ថ្ងៃបញ្ចប់ ពោលដល់ថ្ងៃ១៦ ខែមេសា ។ដូច្នេះអាចារ្យ គណៈកម្មាធិការវត្តក៏ដូចជាបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសូមណូមពរ ឆ្នាំបន្ទាប់ក្រោយៗទៀត កាត់បន្ថយការយកទំនៀមទម្លាប់ពីប្រទេសជិតខាងមកលេង សូមងាកមកលេងល្បែងប្រជាប្រិយខ្មែរដ៏ផូផង់ ដែលបន្សល់ទុក្ខពីដូនតា មកលេងឲ្យបានច្រើន ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានដឹងកាន់តែច្បាស់ និងយកគំរូតាម ។
ពាក់ព័ន្ធភ្ញៀវទេសចរបើតាមលោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សម្រាប់ខេត្តបន្ទាយមានជ័យ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ធ្វើដំណើរកំសាន្តតាមរមណីយដ្ឋាននិងគោលដៅទេសចរណ៍ក្នុងខេត្តមានការកើនឡើងបើប្រៀបធៀបឆ្នាំ២០២៤ ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ធ្វើដំណើរកំសាន្តតាមរមណីយដ្ឋាននិងគោលដៅទេសចរណ៍ក្នុងខេត្ត សរុបចំនួន ៧៧៦.០៥១នាក់ (កើនឡើង៣៨.៩៥% ប្រៀបធៀបបីថ្ងៃឆ្នាំ២០២៤ មានចំនួន៥៥៦.២៥៤នាក់ ភ្ញៀវបរទេសចំនួន១៣.៨៣២នាក់ (កើនឡើង៥២២.៧៨% ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ២.២២១នាក់ ភាគច្រើនជនជាតិចិន ថៃ ឥណ្ឌូនេស៊ីនិងឥណ្ឌា នៅតំបន់កាស៊ីណូប៉ោយប៉ែត ។ដោយឡែកបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថទូទាំងខេត្តបានដាក់ពង្រាយនៅតាមគោលដៅដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ–អន្តរជាតិ ដែលមកលេងកម្សាន្ត ពិសេសត្រៀមបង្ការ ទប់ស្កាត់បង្ក្រាប បទល្មើសគ្រប់ប្រភេទ ក្មេងទំនើង និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីជួបគ្រោះធម្មជាតិ ឬអគ្គីភ័យជាយថាហេតុ យ៉ាងល្អប្រសើរផងដែរ៕