ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះសំណេះសំ​ណាលសួរសុខទុក្ខក្រុ​មប្រឹក្សាឃុំទាំង៤ ក្នុងស្រុកសា​លា​ក្រៅ ដើម្បីពង្រឹងប្រសិទ្ធិភាព​ការងារ បម្រើ​សេវាសា​ធារណៈនានាជូនប្រជា​ពលរដ្ឋ

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អម​ដំ​ណើ​រដោយ​ក្រុមការ​ងារ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២​០២៤ បានអញ្ជើញចុះសំ​ណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សា​ឃុំទាំង៤ ក្នុងស្រុកសាលា​ក្រៅ ដើម្បីពង្រឹងប្រសិទ្ធភាពការងា​រ ក្នុងការបម្រើសេ​វ៉ាសាធារណៈនានា ជូនប្រជា​ពលរដ្ឋនៅមូលដ្ឋាន

លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើកឡើងថាក្រុមប្រឹ​ក្សាឃុំ/​សង្កាត់ ដែល​បោះឆ្នោតជ្រើសរើសឡើង ពីប្រជាព​លរដ្ឋ គឺមានស្វ័យភាពក្នុងការដឹកនាំ គ្រប់គ្រង កា​រអភិវ​ឌ្ឍន៍មូលដ្ឋានក៍ពិ​តមែន តែក្រុមប្រឹក្សាជាផ្នែកមួ​យនៃ​អំណាច​ប្រតិបត្តិរបស់រដ្ឋ ដូច្នេះក្នុងន័យ​នេះ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវអនុវត្តតា​មរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាននានា ដែលមានជា​ធរមាន ជាពិសេសច្បាប់​ស្តីពីការគ្រប់គ្រង​រដ្ឋបាលឃុំ សង្កាត់ និងស្រប​ទៅតាមសេចក្តីណែនាំ​របស់ក្រសួងមហាផ្ទៃ

លោកជំទា​វអភិបាលខេត្ត បានមានប្រសាសន៍​បញ្ជាក់ថាការបោះឆ្នោត​ជ្រើសរើសក្រុ​មប្រឹក្សានៅ​ថ្នា​ក់ឃុំសង្កាត់ នាពេលកន្លងទៅ គឺជាការជំរុញកិច្ចដំណើ​រការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិ​សហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ​ដែលកំណែទម្រ​ង់នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកា​រលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំសង្កាត់ តាម​គោលការណ៍​អភិវឌ្ឍតាមបែបប្រ​ជាធិប​តេយ្យ​នៅថ្នាក់​មូលដ្ឋាន ដូច្នេះក្រុមប្រឹក្សាឃុំសង្កាត់ ទាំងអស់ត្រូវប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តការងារ ដើម្បីសម្រេចបាន នូវគោលបំណងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បានដាក់ឲ្យប្រើប្រាស់ជា​ផ្លូវការ នូវកម្មវិធីជាតិ សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១២០៣០)

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនទាំងអស់ ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុក​ចោលនោះ​ទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួ​កនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំ ដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជា​តំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតប​ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈាន​ឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួម​អនុវត្តនូវគោ​ល​នយោបាលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលស​ម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button