មហាសន្និបាតបង្កើតជាផ្លូវការ សម្រាប់អាណត្តិទី១ ឆ្នាំ២០២៤-២០២៨ ក្រោយទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយឈ្នះមេដាយសរុប ១២គ្រឿង
(ភ្នំពេញ)៖ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានរៀបចំអង្គមហាសន្និបាតបង្កើតជាផ្លូវការ សម្រាប់អាណត្តិទី១ ឆ្នាំ២០២៤–២០២៨ ក្រោយទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយឈ្នះមេដាយសរុប ១២គ្រឿង ។ការបង្កើតសហព័ន្ធនៃប្រភេទកីឡាក្បាច់គុនប្រពៃណីឥណ្ឌូនេស៊ី នៅកម្ពុជានេះ បន្ទាប់ពីថ្នាក់ដឹកនាំកីឡាបញ្ចស៊ីឡាត់ របស់ឥណ្ឌូនេស៊ី បានជួបពិភាក្សាជាមួយប្រមុខថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោ កាលពីចុងឆ្នាំ២០២២ ហើយបានឈានដល់ការផ្លាស់ប្ដូរការហ្វឹកហាត់គ្នាទៅវិញទៅមក ដោយកម្ពុជាបានបញ្ជូនប្រតិភូកីឡា ២៨រូប ទៅបង្ហាត់គុនល្បុក្កតោ និងហ្វឹកហាត់ក្បាច់គុនបញ្ចស៊ីឡាត់ផ្ទាល់ នៅទីក្រុងហ្សាកាតា ។ ជាលទ្ធផលបន្ទាប់ពីហ្វឹកហាត់ច្រើនខែ កីឡាបញ្ចស៊ីឡាត់កម្ពុជា ក៏ដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១០គ្រឿង ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ។
បន្ទាប់ពីទទួលបានភាពជោគជ័យដ៏ត្រចះត្រង់នេះ គួបផ្សំការមើលឃើញពីសក្ដានុពល នៃកីឡាបញ្ចស៊ីឡាត់លើឆាកអន្ដរជាតិផងនោះ កម្ពុជាក៏បានសម្រេចបង្កើតជាសហព័ន្ធកីឡាបញ្ចស៊ីកម្ពុជា ជាផ្លូវការមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើននៅកម្ពុជា សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាឆ្នាំ២០២៥ ជាពិសេសដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខផងដែរ ។
សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធដែលទើបកកើតថ្មីនេះ មានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នេះ គឺសរុបមានចំនួន ២៧រូប ក្នុងនោះមានលោក សេង ធារិន ជាប្រធានសហព័ន្ធ និងលោក សឹង្ហ ទុំ អនុប្រធានអចិន្ត្រៃយ៍ អមដោយអនុប្រធាន ៧រូប (លោក តឹក ប៊ុនធឿន, លោក ស៊ុ សំណាង, លោក បោន ប៊ិន, លោក នាក់ ថារ៉ែន, លោក ឈាង សុវណ្ណរតនា, លោក សេង ប៊ុនសុង និងលោក Andy Steven) និងមានលោក អ៊ួ តារា ជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង ២រូប និងលោក អឿន រស្មី ជាអគ្គហេរញ្ញិក ព្រមទាំងសមាជិក ១៤នាក់ផ្សេងទៀត ។
លោក សេង ធារិន បានបញ្ជាក់ថា ការបង្កើតសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជានេះ មិនត្រឹមតែការបំពេញភាពស្របច្បាប់របស់ខ្លួន ក្នុងការដំណើរការជាផ្លូវការរបស់សហព័ន្ធកីឡាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសដល់សមាជិកគណៈកម្មាធិការប្រតិបត្តិ មន្រ្តីបច្ចេកទេស កីឡាករ កីឡាការិនីមកពីទីមជ្ឈដ្ឋានផ្សេងៗគ្នាមានស្មារតីរួមគ្នាក្នុងការរៀបចំឲ្យមានសហព័ន្ធកីឡាជាតិថ្មីមួយនេះ ដោយឈរលើស្មារតីនៃមហាគ្រួសារកីឡា ដើម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន និងឈានទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិ ស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកីឡារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំជាសេនាធិការ ។
ឆ្លៀតឱកាសនោះ លោក ណយ ផាណា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធាន NOCC បានវាយតម្លៃខ្ពស់ ចំពោះស្មារតីរួមគ្នា នៅក្នុងអង្គមហាសន្និបាត ដែលមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីការអភិវឌ្ឍជំនាញកីឡានេះឲ្យមានការរីកចម្រើន ដ្បិតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កីឡាបញ្ចស៊ីឡាត់នេះ ក៏ទទួលបានជោគជ័យរួចមកហើយ ដោយដណ្ដើមបានមេដាយជូនជាតិរហូតដល់ ១២គ្រឿង ។ ដូច្នេះលោកសង្ឃឹមថា ការបង្កើតឲ្យមានសហព័ន្ធនេះ នឹងជំរុញឲ្យកីឡាបញ្ចស៊ីឡាត់កាន់តែមានសក្ដានុពលក្នុងការប្រជែងមេដាយលើឆាកអន្ដរជាតិបន្ថែមទៀតនាថ្ងៃអនាគត ៕