ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤
(ភ្នំពេញ)៖រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់គោលដៅដែលទី១ ផ្ដោតជាសំខាន់ លើការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន ទី២ ខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។ ការកែទម្រង់របស់រដ្ឋាភិបាល មិនមែនជាការធ្វើ បដិវត្តន៍(ការកែប្រែ,ការផ្លាស់ប្ដូរ)នោះទេ តែជាការបន្តនិរន្តរភាព ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសាលមហាស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបានស្នើឱ្យកែនិយមន័យមន្ត្រីជាប់កិច្ចសន្យា (មន្ត្រី ជួលដោយរដ្ឋ, ជួលតាមកិច្ចសន្យា, មន្ត្រីមិនពេញសិទ្ធិដូចមន្ត្រីរាជការ) ពីត្រឹមតែជាមន្ត្រីជំនួយការ ទៅជាមន្ត្រីបច្ចេកទេស ដែលមានសញ្ញាបត្រខ្ពស់ មានជំនាញបច្ចេកទេសច្រើន ដើម្បីចូលរួមជួយរដ្ឋាភិបាល ដោយទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍នានា ដូចមន្ត្រីរាជការពេញសិទ្ធិដែរ។
សម្ដេចមហាបវរធិបតីបន្តថា ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវពង្រឹងការតាមដានត្រួតពិនិត្យ ដែលមិនមែនជាវិធានការចាប់កំហុសនោះទេ តែជាផែនការជួយឱ្យបានជោគជ័យ ដោយចាប់ផ្ដើមចេញពី ៥០ សាលា, ឈានទៅ ១០០ សាលា, ២០០ សាលារហូតដល់ ១០០០ សាលាជាដើម ហើយផែនការត្រួតពិនិត្យនេះ គួរអនុវត្ត ៣ខែម្ដង។ផ្អែកលើការពិនិត្យរបាយការណ៍លទ្ធផលនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងដើម្បីបន្តអនុវត្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូឱ្យកាន់តែទូលំទូលាយប្រកបដោយផ្លែផ្កាកាន់តែប្រសើរ៕