រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពីធី អបអរសាទរពានរង្វាន់ជ័យលាភីលេខ១ ទូទាំងប្រទេសនៃអនុវិទ្យាល័យភ្នំយ៉ាត ក្រោមអធិបតីភាពឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ
(ប៉ៃលិន)៖ មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពលរដ្ឋជាច្រើន បាននាំគ្នាឈរជាជូរតាមដងផ្លូវ ដើម្បីអបអរសាទរក្បួនដង្ហែរពានរង្វាន់ជ័យលាភីលេខ១ ទូទាំងប្រទេសកំរិតសាលាអនុវិទ្យាល័យពីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។
ការដង្ហែរនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ រៀបចំឡើងដោយរដ្ឋបាលខេត្ត និងមន្ទីរអប់រំខេត្តប៉ៃលិន ក្រោយពីបានទទួលជ័យលាភីនេះកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងវាយតម្លៃពីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។
សូមបញ្ជាក់ថា អនុវិទ្យាល័យភ្នំយ៉ាតនេះស្ថិតនៅ ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កសាងឡើងនៅឆ្នាំ២០០៦មានបុគ្គលិកសិក្សា៤០រូប ស្រី១៩រូប មានសិស្សសរុប៣៨៤នាក់ សិស្សស្រី ១៩៧នាក់ មាន៣កំរិតថ្នាក់គីថ្នាក់ទី៧–៨ និង៩ មាន៥អាគារ ហើយមានទំហំផ្ទៃដីចំនួន ១៥៥៩ម៉ែត្រការ៉េ៕