ព័ត៌មានជាតិ

ជនសង្ស័យ ពាក់ព័ន្ធករ​ណី​ហិង្សា​ដោយ​ចេតនា ត្រូវអា​វុធហត្ថ ​ចាប់​ឃាត់ខ្លួនប​ញ្ជូន​ទៅតុលាការ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយ​លោកវរ​សេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជ​នសង្ស័យម្នាក់ ឈ្មោះ គួយ ថាវី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ននៅភូមិសាមគ្គីមា​នជ័យ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ពាក់ព័ន្ធករ​ណីហិង្សា​ដោ​យចេតនា ​ដែលប្រព្រឹត្តកា​លពីវេលា​ម៉ោង០១និង០០នាទី ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២​០២៤ នៅចំណុចខារ៉ាអូខេJASSMINE ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយ​ពីទទួលបាន​ពាក្យ​បណ្តឹងរបស់​ជនរងគ្រោះឈ្មោះ ស្រ៊ន ស៊ីវហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនរង​គ្រោះ ​និងជនសង្ស័យ​បានចូ​លហ៊ុន​គ្នាបើ​កខារ៉ាអូខេដែ​លមាន​ឈ្មោះ JASSMINE បានរយៈ​ប្រហែ​ល០១ឆ្នាំ ហើយ​ម្ចាស់ក្រុមហ៊ុនតែងតែឈ្លោះប្រកែកគ្នារឿងភា​គហ៊ុន ដោយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០​២៤ វេលាម៉ោងប្រហែល១៨ និង៣​០នាទី ជនរងគ្រោះនិងប្រពន្ធ បាន​ទៅត្រួត​ពិនិត្យកា​រងារនៅក​ន្លែង​ខារ៉ាអូខេ ហើយបា​នជួបជាមួយឈ្មោះ គួយ ថាវី (ជនសង្ស័យ) កំពុងត្រួតពិ​និត្យការ​ងារ រហូត​ដល់វេលាម៉ោងប្រហែល០​១និង០០នាទី យប់ចូ​លថ្ងៃទី២៨ ខែកុម្ភៈ ជនរងគ្រោះ​បានទៅ​ត្រួតពិនិត្យនៅ​ខារ៉ាអូខេម្តងទៀត ហើយបានចូលទៅនិយាយការងារនៅបន្ទប់ ស្រាប់តែជនសង្ស័យ ដើរចូលម​កតាមក្រោយ វាយជន​រងគ្រោះចំនួន០១ដៃត្រូវចំសៀតផ្កា បណ្តាលឱ្យបាត់បង់ស្មារតី និង​បន្តវាយជាច្រើនដៃទៀត ព្រមទាំងចាប់ក្បាល​ជនរងគ្រោះ​បោកទៅជញ្ជាំងបណ្តាលឱ្យសន្លប់។ ក្រោយ​ពីទទួលបានពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដ​ល់កន្លែងកើ​តហេតុ តែរកជនសង្ស័យពុំឃើញ រហូតដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យ​បានចូលខ្លួនម​កបំភ្លឺនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតថា ខ្លួនពិតជាបាន​ប្រើហិង្សាទៅ​លើជនរងគ្រោះខាងលើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពិតប្រាកដមែន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីស្ដាប់ចម្លើយសារភាព លោក​បានចាត់​ឱ្យកម្លាំងជំនា​ញធ្វើកំណត់ហេតុឃាត់ ហើយកសាងសំណុំរឿង​តាមនីតិវិធីបញ្ជូន​មកបញ្ជាការដ្ឋា​នកងរាជអាវុធហ​ត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបប​ទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃព្រហស្បត៍ ទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button