អាវុធហត្ថ បញ្ជូនខ្លួនជនជាតិថៃ ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជនជាតិថៃ ចំនួន០២នាក់ ១–ឈ្មោះ សាន់ទិ យិនមែន ហៅ នួត ភេទប្រុស ជនជាតិថៃ អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នស្រុកតាផៃយ៉ា ខេត្តស្រះកែវ ប្រទេសថៃ (រក្សាទុក), ២–ឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅ ណាត់ ភេទប្រុស ជនជាតិថៃ អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់) នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន –គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន ០៥កូនថង់កិប ទម្ងន់ ២,៣៩ក្រាម, –គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន១១កូនថង់កិប ស្មើនឹង៧៨គ្រាប់ ទម្ងន់ ១០,៦៥ក្រាម,-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា Zoomer-X ពណ៌ស–ស្វាយ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ1GY-3126, –ទូរស័ព្ទ ចំនួន ០២គ្រឿង (ម៉ាកOPPO A57 ពណ៌ខ្មៅ បែកអេក្រង់, ម៉ាកIPhone7 ពណ៌ផ្កាឈូក), –នាឡិកាដៃ ចំនួន ០១គ្រឿង, –ចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន ០១វង់, –កាបូបស្ពាយ ចំនួន ០១, និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនពេលបង្រា្កបករណីនេះ នៅវេលាកេីតហេតុកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខយាមនៅម្តុំផ្សាររាត្រីទឹកពុះថាមានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះទៅដល់ចំណុចកើតហេតុហើយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួចធ្វើការឆែកឆេកឆេររកឃេីញវត្ថុតាងគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមនីតិវិធី។ បន្ទាប់ពីការឃាត់ខ្លួនកម្លាំងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមលើជនសង្ស័យទាំងពីរនាក់ ដោយឈ្មោះ សាន់ទិ យិនមែន ហៅ នួត ជាលទ្ធផលអវិជ្ជមាន(-) និងឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅ ណាត់ ជាលទ្ធផលវិជ្ជមាន(+) ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង២នាក់ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបាន ទិញគ្រឿងកមលក់ផង និងប្រើប្រាស់ពិតប្រាកដមែន ។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕