ប្រកាសចូលកាន់មុខតំណែង អភិបាលរង ស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ការផ្ទេរភារៈកិច្ច ការតែងតាំងមន្ត្រី គឺជាដំណើរការជាប្រក្រតីធម្មតាសម្រាប់ដំណើរការគ្រប់គ្រងបុគ្គលិកបំពេញការងារប្រចាំថ្ងៃ ដោយអនុលោមទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍បែបនេះក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងចូលកាន់មុខតំណែងអភិបាលរងស្រុក ក្រុងមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យហើយក៏បានធ្វើការផ្លាស់ប្តូរភារកិច្ចមន្ត្រីចំនួន ៩រូប រួមទាំងមន្ត្រីជាអភិបាលរងស្រុក ក្រុងចំនួន៥រូប បន្ទាប់ពីគណៈអធិបតីបានប្រគល់សេចក្ដីសម្រេចតែងតាំង និងការប្ដេជ្ញាចិត្តរបស់អស់លោក លោកស្រីតែជាអភិបាលរងស្រុកក្រុងរួចមក។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល ប្រតិភូកម្មអំណាចមកឱ្យគណៈអភិបាលរាជធានីខេត្ត ស្រុក ក្រុងតាមរយៈអនុក្រឹត្យលេខ ២៤០អនក្រ.បកក៏ឆ្នាំ ២០១៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបំពេញការងាររបស់បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។កិច្ចការនេះរដ្ឋបាលខេត្តដែល បានយកចិត្តទុកដាក់អនុវត្តដោយសុក្រិតអនុលោមតាមសេចក្ដីណែនាំរបស់ក្រសួងមុខងារសាធារណៈ ករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរឯការផ្លាស់ប្តូរគឺផ្អែកលើគោលការណ៍អាណត្តិ ដែលត្រូវបំពេញហើយទន្ទឹមនឹងនោះក៏ត្រូវផ្អែកលើលក្ខណៈសម្បត្តិ និងឧប្បនិស្ស័យ បុគ្គលដែលត្រូវតែងតាំង ឬផ្ទេរភារកិច្ចឬប្រគល់ភារៈកិច្ចនោះមានដូចក្នុងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌនីមួយៗ ជាបុគ្គលប្រកបដោយគុណសម្បត្តិ មានសមត្ថភាពដឹកនាំគ្រប់គ្រង មានគំនិតផ្ដួចផ្ដើម ក្នុងការអនុវត្តការងារ មានក្រមសីលធម៌ មានសាមគ្គីល្អ និងមានមនសិការវិជ្ជាជីវៈ ក្នុងនោះស្ត្រីត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពដល់ការតែងតាំងនិងមុខតំណែងណាមួយ ដើម្បីឆ្លើយតបនឹងគោលនយោបាយយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនៅកម្ពុជា៕