កិច្ចប្រជុំរវាងគណៈកម្មការ ទី៤ ទី៥ នៃរដ្ឋសភា ជាមួយខេត្តតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖គណៈកម្មការទី៤ ទី៥ នៃរដ្ឋសភា នីតិកាលទី ៧ នាព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំរវាងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ជាមួយនឹងបណ្ដាខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ រួមមានខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តប៉ៃលិន និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីស្ថានភាព ប្រជាជននៅខេត្តជាប់ព្រំដែន និងកិច្ចសហការលើវិស័យសហប្រតិបត្តិការអន្តរជាតិ បញ្ហាឆ្លងដែន សន្តិសុខ ការពារជាតិនិងព័ត៌មានផ្សេងៗ ។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាប្រធានសហគណៈប្រតិភូ និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធានសហគណៈប្រតិភូ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យស្ថិតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃ ក្នុងនោះមានច្រកទ្វារព្រំដែនចំនួន ៤ គឺ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រតទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ច្រកទ្វារព្រំដែនតំបន់ម៉ាឡៃស្ថិតក្នុងស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួនស្ថិតក្នុងស្រុកថ្មពួក។ យោងតាមលក្ខណៈភូមិសាស្ត្របែបនេះ បានបង្កលក្ខណៈអំណោយផលដល់ចំណូលសេដ្ឋកិច្ចជាតិដ៏សំខាន់ក្នុងលំដាប់ជួរមុខ និងជាច្រកអំណោយផលដ៏លំហូរចេញចូលនៃវិស័យទេសចរណ៍ដ៏សំខាន់ផងដែរ។ ជាមួយនេះដែររាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឲ្យមានការបើកច្រកតំបន់ចំនួន ៣ បន្ថែមទៀត ស្ថិតក្នុងភូមិសាស្ត្រនៃស្រុកអូរជ្រៅ និងស្រុកស្វាយចេក ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅតាមស្រុក បណ្ដោយព្រំដែន ចេញចូល ដោះដូរទំនិញ សម្រួលជីវភាពរស់នៅប្រចាំថ្ងៃឲ្យមានភាពស្របច្បាប់។ ករណីនេះរដ្ឋបាលខេត្ត បាននិងកំពុងធ្វើកិច្ចសហការជាមួយភាគីថៃជាបន្តបន្ទាប់។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ចាប់តាំងពីមានប្រក្រតីភាពឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ត្រូវបានទប់ស្កាត់ដោយជោគជ័យមក បច្ចុប្បន្នសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គមទាំងផ្ទៃក្នុងខេត្ត និងតាមតំបន់ព្រំដែន ជាទូទៅគឺមានលក្ខណៈល្អប្រសើរ ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់សមត្ថកិច្ចពាក់ព័ន្ធ បានយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តគោលនយោបាយភូមិ–ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារជាដើម។ បន្ទាប់ពីឯកឧត្តមតំណាងខេត្តជាប់ព្រំដែន និងឯកឧត្តមតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ឡើងធ្វើរបាយការណ៍សង្ខេបរួចមក ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ និងជាប្រធានសហគណៈប្រតិភូ បានមានប្រសាសន៍ថ្លែងនូវនឹងការកោតសរសើរ ដោយស្មោះចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចស្នូរ លើការងារព្រំដែនទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសលើការងារសន្តិសុខព្រំដែន រក្សាបាននូវបូរណៈភាព និងអធិបតេយ្យភាពជាតិ ធ្វើឲ្យតំបន់ព្រំដែនប្រែក្លាយជាតំបន់សន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។ចុងក្រោយឯកឧត្តម សួស យ៉ារ៉ា ក៏បានធ្វើការផ្ដាំផ្ញើដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យបណ្ដាខេត្តជាប់ព្រំដែន ធ្វើឲ្យរឹងរឹត និងប្រសើរឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែន ទទួលបានសុខសន្តិភាព និងមានជីវភាពធូរធារផងដែរ៕