ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការតេស្តរកសារធាតុញៀនលើមន្ត្រីរាជការជិត ២,០០០ នាក់ នៃ​ចំនួន​ ៣​៥​មន្ទីរ​អង្គភាព

ខេត្តកំពង់ចាម៖ដោយអនុវត្តតា​មបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រា​ជដ្ឋាភិបា​លកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងកា​រប្រយុទ្ធប្រឆាំ​ងគ្រឿងញៀនខុសច្បាប់ នៅតា​មក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ​។ រដ្ឋបាលខេត្តកំ​ពង់ចាម នៅព្រឹកថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២៤ នេះ បានបើកយុទ្ធនាការ​ ធ្វើតេស្តរកសា​រធាតុញៀន​លើមន្ត្រីរាជ​ការ ប្រមា​ណជិត ២,០០​០នាក់ នៃមន្ទីរអង្គភាព​ជុំវិញ​ខេត្ត ។

ការរៀបចំធ្វើតេស្តដ​ល់ប​ងប្អូនមន្ត្រី​រាជការ និងមន្ត្រីជាប់កិ​ច្ចសន្យា ដើម្បីចូ​លរួម​ចំណែកធា​នាប្រ​សិទ្ធភាព ​នៃ​ការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុស​ច្បាប់លើកទី៩ ដែលជាអា​ទិភាពនយោ​បាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិ​ច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ។

មានមន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ចាម រួមមានសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជ​ការសាលាខេត្ត មន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៩៦៧ នាក់ស្រី៧​៣៧ នាក់ មកពី ៣៥មន្ទីរអង្គភាព ដែលត្រូវធ្វើតេស្តរកសារ​ធាតុញៀន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២​០២៤ ដោ​យបែងចែកជា ២វេន (ព្រឹកល្ងាច) ដូចខាងក្រោម ៖

(ពេលព្រឹក) មានចំនួន ៩៩១ នាក់ (ចំនួន ១៥មន្ទីរ)

(ពេលល្ងាច) មានចំនួន ៩៧៦ នាក់ (ចំនួន ២០មន្ទីរអង្គភាព)

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចា​ម បានមានប្រសាសន៍ថា នៅជំហានដំ​បូងនេះ រដ្ឋបា​លខេត្ត បានទទួលឧបករណ៍សម្រាប់​ធ្វើតេស្តចំនួន ៥,០០០ ឧបករណ៍ ដូច្នេះ ត្រូវបើ​កយុទ្ធនា​ការធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការ មន្ទីរអ​ង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និង​សមាជិកភូមិ និង តំណាក់កាលទី ២ និងឈានទៅដ​ល់ការធ្វើតេស្តក្រុមគ្រូ​បង្រៀន និងក្រុមគ្រូពេទ្យ សរុបទាំងអស់​ប្រមាណជា ២ម៉ឺននាក់ ។

ឯកឧត្តមអ​ភិបាលខេត្ត បានបញ្ជាក់ទៀតថា មន្ត្រីរាជកា​រក្នុងខេត្ត ត្រូវតែចូលរួមធ្វើតេស្តទាំងអស់គ្នា ដើម្បីប​ញ្ជាក់ នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ ក៏ដូចជាបញ្ជាក់​ពីការចូលរួមគាំទ្រយុទ្ធនាការនេះផងដែរ ដើម្បីអនុវត្តទៅទទួលបានជោគជ័យ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button