គំរោងអភិវឌ្ឍន៍ក្រុមហ៊ុន ពៅ វណ្ណា ដោយគេដឹងថាម្ចាស់ក្រុមហ៊ុនត្រូវជាប្រពន្ធលោក តុល សារិន មេឃុំអូរបីជាន់ រំលោភយកដីរបស់ក្រុមហ៊ុនASK & KH គ្រុប ពុះឡូតិ៍លក់អោយពលរដ្ឋ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់
ខេត្តបន្ទាយមានជ័យ ៖មិនដឹងជាប្រជាពលរដ្ឋប៉ុន្មាននាក់ទេ ដែលទិញដីរបស់ក្រុមហ៊ុនគំរោងអភិវឌ្ឍន៍ក្រុមហ៊ុន ពៅ វណ្ណា ដោយគេដឹងថាម្ចាស់ក្រុមហ៊ុន ត្រូវជាប្រពន្ធរបស់លោក តុល សារិន ជាមេឃុំអូរបីជាន់ ដែលបានរំលោភយកដីរបស់ក្រុមហ៊ុន ASK & KH គ្រុប ចំនួន ១៦ហិកតា (ដប់ប្រាំមួយហិកតា) ដែលមានចំណាបញ្ចប់វិវាទពីសម្តេចតេជោ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកពុះដីឡូលក់ យ៉ាងរំភើយដោយគ្មានខ្លាចញញើតច្បាប់ឡើយ ទោះបីក្រុមហ៊ុន ASK & KH គ្រុបប្រាប់ឲ្យបញ្ឈប់សកម្មភាពយ៉ាងណាក្តី ពិសេសលោក តុល សារិន មេឃុំអូរបីជាន់ បានដឹងហើយ លឺហើយថា ជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុន ASK & KH គ្រុប ដែលមាន ចំណាយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្ដបន្ទាយមានជ័យ ដឹងលឺ តែលោក តុល សារិន និងប្រពន្ធឈ្មោះ ពៅ វណ្ណា ហ៊ានចេញលិខិតបំបែកក្បាលដី ពុះឡូត៍លក់អោយទៅប្រជាពលរដ្ឋ ដោយទាញប្រជាពលរដ្ឋចូលទៅក្នុងរឿងវិវាទដីធ្លីដោយមិនដឹងខ្លួន ។
លោក តុល សារិន មេឃុំអូរបីជាន់ កំពុងតែបង្កើតរឿងវិវាទដីធ្លីបន្ថែមទៅដល់ប្រជាពលរដ្ឋ កំពុងតែដើរបញ្ច្រាសទិសគោលការណ៍ និងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល និងកំពុងតែផ្គើនអភិក្រមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ពាក់ព័ន្ធករណីខាងលើនេះតំណាងក្រុមហ៊ុន ASK & KH គ្រុប បានបញ្ជាក់ថា គំរោងអភិវឌ្ឍន៍ក្រុមហ៊ុន ពៅ វណ្ណា ក្រុមហ៊ុនលក់ដីឡូត៍ របស់លោក តុល សារិន មេឃុំអូរបីជាន់ និងប្រពន្ធឈ្មោះ ពៅ វណ្ណា កំពុងពុះដីឡូតិ៍នៅចំណុចខាងលើកំពុងតែបង្ក និងបង្កើតភាពក្ដៅក្រហាយដល់ពលរដ្ឋហើយ ព្រោះទីតាំងដីឡូត៍ទាំងអស់ខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ASK & KHគ្រុប មិនមែនដីរបស់ក្រុមហ៊ុន ពៅ វណ្ណា នោះឡើយ។
តំណាងភាគីក្រុមហ៊ុន ASK&KHគ្រុប បានបញ្ជាក់ទៀតថា ក្រុមហ៊ុនគម្រោងអភិវឌ្ឍន៍ ពៅ វណ្ណា របស់លោក តុល សារិន និងលោកស្រី ពៅ វណ្ណា បានរំលោភយកដីរបស់ក្រុមហ៊ុន ASK & KH គ្រុប ចំនួន ១៦ហិកតា (ដប់ប្រាំមួយហិកតា) ពោលគឺដីនៅក្នុងគំរោងដីឡូត៍របស់ក្រុមហ៊ុន ពៅ វណ្ណា ទាំងមូលតែម្ដង ហើយពេលនេះក្រុមហ៊ុន ASK&KH គ្រុប អាចនឹងប្ដឹងលោក តុល សារិន មេឃុំអូបីជាន់ និងប្រពន្ធឈ្មោះ ពៅ វណ្ណា មូលហេតុអ្វីទាំងដឹងហើយលឺហើយថា ដីនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ASK & KH គ្រុប មានទាំងចំណាររបស់សម្ដេចតេជោ និងភាគីក្រុមហ៊ុន មានការជូនដំណឹងដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បែជាមកធ្វើបំពានទៅវិញទាំងដែលខ្លួនជាមេឃុំ អ្នកច្បាប់អង្គុយលើច្បាប់ ហ៊ានចេញលិខិតបំបែកក្បាលដី លក់ទិញទាំងបំពានច្បាប់។
ពាក់ព័ន្ធករណីខាងលើនេះភ្នាក់ងារយើងមិនអាចសុំការបំភ្លឺណាមួយពីលោក តុល សារិន មេឃុំអូរបីជាន់ បានទេដោយទូរសព្ទខលចូលមិនមានអ្នកទទួល។ដោយឡែករដ្ឋបាលស្រុកអូរជ្រៅបានប្រាប់អ្នកសារព័ត៌មានយើងតាមទូរសព្ទថា សាលាស្រុកធ្លាប់ទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ពីក្រុមហ៊ុន ASK & KH គ្រុប ដែរ តែសុំឲ្យក្រុមហ៊ុនធ្វើលិខិតជាលាយលក្ខអក្សមកកាន់អាជ្ញាធរ ដើម្បីសុំឲ្យសាលាស្រុកមានវិធានការទប់ស្កាត់ការចេញប័ណ្ណកម្មសិទ្ធផ្ទេរផ្ទូ ប៉ុន្តែមិនឃើញក្រុមហ៊ុនមកទេ ចំពោះក្រុមហ៊ុនដែលកំពុងធ្វើសកម្មភាពលក់ដីហ្នឹង បានស្នើសុំច្បាប់តាំងពីឆ្នាំ២០១៩ម្លេះ ដូច្នេះប្រសិនជាក្រុមហ៊ុន ASK & KH គ្រុប គិតថាមានបញ្ហាសូមធ្វើលិខិតមកសាលាស្រុក នឹងធ្វើការជូន ៕