មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនម្ចាស់កម្មសិទ្ធិ នៅភូមិកូនត្រី ឃុំកូប
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋរស់នៅភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ពីមន្ទីរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្ត លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក ទូច សីហា អភិបាលរងស្រុកអូរជ្រៅ ព្រមទាំងលោក លោកស្រីមេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។លោក អាង ណារិទ្ធ បានបញ្ជាក់ថា សម្រាប់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលនឹងត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកូនត្រី សរុបចំនួន ១,២៩៩ក្បាលដី។
លោកបញ្ជាក់ទៀតថា៖នីតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនេះ ធ្វើតាមដំណាក់ គឺការកំណត់ តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដី របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិន មានទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូន ម្ចាស់ដី។
ជាមួយគ្នានោះដែរលោក លី សារី បានមានប្រសាសសន៍ថា៖ ប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឲ្យកាន់តែប្រសើរ ចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។ជាពិសេស ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អាណត្តិទី៦នេះ។
ទន្ទឹមនោះដែរលោក អភិបាលរងខេត្ត ក៏បានថ្លែងអគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធនេះឡើង និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននិងកំពុងបន្តក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ។
សូមបញ្ជាក់ថា៖ចំពោះពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនម្ចាស់កម្មសិទ្ធិនៅភូមិកូនត្រីឃុំកូប ស្រុកអូរជ្រៅ ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ ប្រសិនបើប្រជាពលរដ្ឋណាមិនទាន់មានពេលវេលាមកទទួលយក សូមទំនាក់ទំនងនៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ខេត្ត ដែលមានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ដើម្បីទទួលយកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលក្រោយ ៕