កងទ័ព អង្គភាពយោធភូមិភាគទី៥ រៀបចំបើកការប្រកួតក្បាច់គុនមិត្តភាព មានប្រភេទ៣ប្រភេទកីឡា ជាលើកទី១ ក្រោមកិច្ចសហការជាមួយសព័ន្ធគុនល្បុក្កតោកម្ពុជា
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈកម្មការកីឡា យោធភូមិភាគទី៥ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពីធីបើកការប្រកួតកីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ ,ក្បាច់គុនល្បុក្កតោ និងក្បាច់គុនបញ្ចស៊ីឡាត់កម្ពុជា ។ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ការរៀបចំពីធីប្រកួតកីឡាក្បាច់គុន មិត្តភាព ទាំង៣ប្រភេទកីឡានេះ ក៏ជាសកម្មថ្មីលើកទី១ សម្រាប់អង្គភាពយោធភូមិភាគទី៥ ហើយនិងឈានទៅរៀបចំការប្រកួតបន្ថែមទៀត ដើម្បីឲ្យស្របតាមចក្ខុវិស័យ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក ក្នុងការប្រែក្លាយទស្សនវិស័យឱ្យទៅជាសកម្មភាពជាក់ស្តែង ទស្សនវិជ្ជានៃក្បាច់គុន គឺបង្រៀនឱ្យអ្នកចេះក្បាច់គុនពិតប្រាកដប្រព្រឹត្តខ្លួនជាមនុស្សប្រកបដោយវិន័យ គុណធម៌ថ្លៃថ្នូរ ប្រកបដោយថាមពល ដើម្បីជាឆ្អឹងខ្នងដ៍រឹងមំា នៃការកសាងសមត្ថភាពយោធិនគ្រប់រូប និងជាខឿនការពារជាតិមាតុភូមិ និងប្រជាជន។ ការប្រកួតកីឡាក្បាច់គុន មិត្តភាពនេះ មានសមាសភាពកីឡាករ មកពីសាលាគុនកងពលតូចថ្មើរជើងលេខ៥១ ខេត្តបន្ទាយមានជ័យ សាលាគុនល្បុក្កតោរាជធានីភ្នំពេញ ខេត្តកំពុងឆ្នាំង និងខេត្តសៀមរាប ដែលជាកីឡាករធ្លាប់បានប្រកួតដណ្តើមមេដាយ ជូនជាតិមាតុភូមិ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងមក។គោលបំណងនៃការប្រកួតនេះ ដើម្បីធ្វើការដកបទពិសោធន៍បច្ចេកទេសចលនាប្រយុទ្ធ ធ្វើសំយោគ តាមបែបវិទ្យាសាស្រ្ត ក្នុងការវិវត្តន៍ខ្លួន តាមបរិបទនៃការរីកចម្រើនវិស័យកីឡា ប្រកបដោយកាលានុវត្តន៍ភាព។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានកីឡាកងទ័ពយោធភូមិភាគទី៥ និងជាប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលមានសមានចិត្តក្នុងការចូលរួមលើកស្ទួយវិស័យកីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ ដោយបានបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមកសាងសាលាគុន មួយកន្លែង នៅក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ តាមលក្ខណៈស្តង់ដា សំដៅលើកស្ទួយធនធានមនុស្ស ទាំងកីឡាករ ចៅក្រម អាជ្ញារកណ្តាល ដើម្បីឆ្លើយតមនូវសេចក្តីត្រូវការចំពោះមុខ និងបន្តអភិវឌ្ឍន៍ខ្លួនទៅមុខប្រកបដោយចីរភាព៕