ម៉ូតូ និងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់០២នាក់ របួសធ្ងន់០១នាក់នៅក្នុងស្រុកភ្នំស្រុក
បន្ទាយមានជ័យ៖មនុស្ស០២នាក់ បានស្លាប់ និង ០១នាក់ទៀតរងរបួស ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ នៅវេលាម៉ោង០៦និង២៥នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវប៉េតុងលើខ្នងអាងត្រពាំងថ្ម ខាងជើងផ្លូវចុះភូមិតាអុងចម្ងាយប្រហែល១០០០ម៉ែត្រ ស្ថិតនៅភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ដំបូងមានម៉ូតូ០១គ្រឿង ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០០១ ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ យ៉ន សេត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក និងអ្នករួមដំណើរឈ្មោះ អុឹម សំវិត អាយុ ៤៥ឆ្នាំ រស់នៅភូមិឃុំជាមួយ បើកបរទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកចំពេញមួយទំហឹងជាមួយម៉ូតូ០១គ្រឿងទៀតម៉ាកHONDA DREAM ស៊េរីឆ្នាំ១៩៩៩ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហែម ទី ភេទ ប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង(ផ្ទុយគ្នា) ។
នគរបាលបានបញ្ជាក់ថា៖ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរម៉ូតូម៉ាកHONDA DREAM ឆ្នាំ ២០០១ ឈ្មោះ យ៉ន សេត រងរបួសធ្ងន់ជើងខាងស្ដាំ និងដៃស្ដាំបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមង្គលបូរី និងអ្នករួមដំណើរឈ្មោះ អុឹម សំវិត អាយុ ៤៥ឆ្នាំ រងរបួសធ្ងន់,បាក់ជើងខាងស្ដាំ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមង្គលបូរី (ក្រោយមកបានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ) ។ចំណែកអ្នកបើកបរ ម៉ូតូម៉ាក HONDA DREAM ឆ្នាំ១៩៩៩ ឈ្មោះ ហែម ទី រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក (បន្ទាប់មកបានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ) ។មូលហេតុបង្កគ្រោះថ្នាក់អ្នកបើកបរ ម៉ូតូម៉ាកHONDA DREAM ឆ្នាំ១៩៩៩ ឈ្មោះ ហែម ទី បើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្ដាំ ចំណែកអ្នកបើកបរម៉ូតូម៉ាកHONDA DREAM ឆ្នាំ២០០១ ឈ្មោះ យ៉ន សេត បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន (មិនពាក់មួកសុវត្ថិភាពទាំង៣ នាក់ ។ ម៉ូតូ ខូចខាតធ្ងន់ចំនួន០២គ្រឿង បច្ចប្បន្នរក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលប៉ោយចារ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕