សម្ដេចក្រឡាហោម ស ខេង ៖ សមិទ្ធផលដែលកើតមានឡើងជាបន្តបន្ទាប់ ដូចដែលប្រជាពលរដ្ឋឃើញសព្វថ្ងៃ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា
(ព្រៃវែង)៖មានប្រសាសន៍នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិព្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមិទ្ធផលដែលកើតមានឡើងជាបន្តបន្ទាប់ដូចដែលប្រជាពលរដ្ឋបានឃើញសព្វថ្ងៃ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី និងក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាព ដែលធ្វើឱ្យសេដ្ឋកិច្ច និងសង្គមរីកចំរើន ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលក៏កំពុងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវជាច្រើននៅក្នុងស្រុកពាមជរនេះផងដែរ។
សម្ដេចក្រឡាហោមបញ្ជាក់ថា ការខិតខំស្ថាបនាផ្លូវ ស្ពានគ្រប់មូលដ្ឋានប្រជាពលរដ្ឋនេះ ក៏ជាផ្នែកមួយនៃការការពារសុខសន្តិភាពដែរ។គោលដៅរាជរដ្ឋាភិបាល ធ្វើយ៉ាងណាត្រូវធ្វើផ្លូវបេតុង ឬផ្លូវកៅស៊ូឱ្យដល់ភូមិ ដល់ផ្ទះប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ហើយបច្ចុប្បន្ន កម្ពុជាកំពុងធ្វើដំណើរជិតដល់គោលដៅនេះហើយដែរ។
ទន្ទឹមនោះដែរសម្ដេចបានសង្កត់ធ្ងន់ថា ឱកាសដែលកម្ពុជាមានសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗនោះទេ ដ្បិតកម្ពុជាឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំអាចកសាងបានសុខសន្តិភាពដូចពេលនេះ និងបានចំណាយពេលវេលារាប់សិបឆ្នាំ ចំណាយសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិតមនុស្សជាច្រើននាក់ ទម្រាំងអាចឈានមកដល់ដំណាក់កាលដូចបច្ចុប្បន្ន។ដូច្នេះសម្ដេចសូមអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពនេះឲ្យបាន៕