ពលករកម្ពុជា ដែលចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើត ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីអាជ្ញាធរខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ក្រុង និងអាជ្ញាធរមូលដ្ឋាន សហការជាមួយនឹងមន្ទីរការងារ នគរបាលអន្តោប្រវេសន៍ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចុះសម្របសម្រួលដល់ការធ្វើដំណើររបស់ពលករកម្ពុជា ដែលចេញពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ។
ក្នុងដំណើរចុះត្រួតពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះធ្វើការសម្របសម្រួលជាមួយអាជ្ញាធរខាងភាគីថៃ ក្រោយពីទទួលបានព័ត៌មានថា ពលរដ្ឋខ្មែរយើងបានចេញមកច្រើន អាជ្ញាធរថៃបំពេញបែបបទមិនទាន់ធ្វើឲ្យមានការកកស្ទះនៅច្រកទ្វារខ្លងលឹក ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែទោះយ៉ាងណាក្តីអាជ្ញាធរទាំងពីរភាគី សហការគ្នាល្អ កំពុងតែខិតខំស្វែងរកដំណោះស្រាយ ដើម្បីពន្លឿនឲ្យលឿនជាងនេះ ។
ដោយឡែកសម្រាប់ខាងកម្ពុជាយើងវិញ ការបំពេញបែបបទមានការងាយស្រួលគ្រាន់តែមន្ត្រីអន្តោប្រវេសន៍ថតរូបភ្ជាប់ជាមួយនឹងប័ណ្ណព្រំដែនជាការស្រេច គ្មានការកកស្ទះនោះឡើយ ទន្ទឹមនោះអាជ្ញាធរក៏បានធ្វើការចែកស្បៀងអាហារមានដូចជា នំបុ័ង ទឹកបរិសុទ្ធ និងវត្ថុអនុស្សាវរីយ៍ជាក្រម៉ា ១ក្នុងម្នាក់ផងដែរ ។
ពាក់ព័ន្ធការចេញ–ចូលការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ–ចូលនេះ បើតាមសេចក្តីដូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ឆ្លើយតបតាមសំណូមពររបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រថៃឡង់ដ៍ ដើម្បីជួយសម្រួលដល់ការវិលត្រឡប់មកស្រុកកំណើតរបស់ពលករកម្ពុជា ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ រាជរដ្ឋាភិបាលនៃប្រទេសថៃឡង់ដ៍ តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃថៃ ចុះថ្ងៃទី២៨ ខែមីនា បានអនុញ្ញាតលើកលែងតម្លៃសេវាអនុញ្ញាតចេញ–ចូល (Re-Entry Permit)សម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញ–ចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ការលើកលែងតម្លៃសេវានេះគឺសម្រាប់ពលករកម្ពុជា ដែលមានលិខិតឆ្លងដែន/លិខិតធ្វើដំណើររបស់ពលករកម្ពុជាទៅធ្វើការនៅបរទេស និងមានទិដ្ឋការការងារ ដែលមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានការវាយត្រា ប្រភេទអ្នកក្នុងបន្ទុក និងអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសថៃ មានសុពលភាពក្រោយពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ៕