សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ នៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖គ្រួសាររងគ្រោះធម្មជាតិ ដោយសារខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតផ្ទះសម្បែង និងផលដំណាំផ្សេងៗ កន្លងទៅថ្មីនេះ លើ៣ភូមិ គឺភូមិពង្រ ភូមិកងវ៉ា និងភូមិខ្លាកូនថ្មី ស្ថិតនៅក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ សរុបចំនួន៣៩គ្រួសារ បានទទួលអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខេត្តនារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណវត្តពង្រ នៃក្រុងសេរីសោភ័ណ។
បើតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ពេលល្ងាចថ្ងៃសុក្រទី២៩ កន្លងទៅថ្មីៗនេះអាកាសធាតុ មានពពក រកកល់ចង់ភ្លៀង និងបាននាំមកនូវខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បង្កឲ្យបងប្អូនប្រជាពលរដ្ឋ បានទទួលរងគ្រោះបែកបាក់ បែកផ្ទះសំបែង មានធ្ងន់ស្រាលប្រមាណជាង ៦០គ្រួសារ។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ចូលរួម សោកស្តាយ ចំពោះផ្ទះសម្បែង ផលដំណាំរបស់បងប្អូនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដោយកាកបាទក្រហម ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា គឺត្រូវតែដោះស្រាយបញ្ហាប្រឈម ដល់បងប្អូនគ្រប់គ្នា ទោះបីជាសម្ភារៈនេះមិនសមល្មមទៅនឹងការខូចខាតក្ដី តែវាអាចជួយសម្រាលទុក្ខលំបាកផ្នែកជីវភាពបានមួយគ្រាផងដែរ។
ឯកឧត្តម អ៊ុុុំ រាត្រី បានបន្តថា វិស័យស្នូលទីមួយ របស់កាកបាទក្រហមកម្ពុជា គឺការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ដូចនេះក្នុងនាមជាស្ថាប័នមនុស្សធម៌ឈានមុខគេ នៅកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលនិងគ្រប់ភាគីពាក់ព័ន្ធដែលបានធ្វើប្រតិបត្តិការឆ្លើយតបយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការផ្តល់នូវជំនួយមនុស្សធម៌ជូនដល់បងប្អូនជនរងគ្រោះ និងឲ្យស្របតាមទិសស្លោកទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាដោយពុំទុកនរណាម្នាក់ចោលនិងស្លាប់ដោយអត់អាហារនោះឡើយ។ ជាក់ស្ដែងដូចថ្ងៃនេះ សាខាកាកបាទក្រហមខេត្ត បានយកនូវអំណោយមនុស្សធម៌មកផ្តល់ជូនដល់បងប្អូនទាំង៣៩គ្រួសារក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីជាតិ ១កេស ទឹកត្រីមួយយួរ មុង១ ភួយ១ សារុងមួយ ក្រមាមួយ ថង់ប្លាស្ទិកមួយផ្ទាំងសម្រាប់គ្រួសារខូចខាតធ្ងន់និងថវិកាមួយចំនួន៕