ផឹកស្រាស្រវឹងខឹងសង្សា វាយកំទេចសម្ភារៈក្នុងហាង នៅផ្សាររាត្រីទឹកពុះផ្កាយ៥ ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖បុរសជនជាតិថៃម្នាក់ នាំសង្សារបស់ខ្លួន ព្រមទាំងមិត្តភក្តិទៅផឹកស៊ីនៅចំណុចហាងផួឡាយាំ ផ្សាររាត្រីទឹកពុះផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រវឹងខឹងសង្សា បង្កហឹង្សាដោយវាយកំទេចសម្ភារៈក្នុងហាង ធ្វើឲ្យខូចខាតសម្ភារៈជាច្រើន ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនសួរនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាក់គ្រីត វ៉ែនប៊ួ ហៅ ឆេន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃរូបនេះ ធ្វើឡើងតាមពាក្យបណ្ដឹងឈ្មោះ វិសាណុ ប៊ុនផាម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីធ្វើឲ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ករណីនេះកើតឡើងនៅចំណុចខាងលើ ក្នុងខណៈឈ្មោះ ចាក់គ្រីត វ៉ែនប៊ួ ហៅ ឆេន ផឹកស្រាស្រវឹង ហើយបានវាយបំផ្លាញសម្ភារ:នៅក្នុងហាងបណ្ដាលឲ្យខូចខាតទាំងស្រុង ។
ជនសង្ស័យរូបនេះក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំរួច បានរៀបរាប់ថា ខ្លួននិងសង្សារបស់ខ្លួនព្រមទាំងមិត្តភក្តិបាននាំគ្នាទៅផឹកស៊ីនៅចំណុចហាងខាងលើ ពេលនោះខ្លួនស្រវឹងស្រាជាខ្លាំង ហើយខឹងនឹងសង្សារបស់ខ្លួនផង ទើបបណ្ដាលឲ្យរូបខ្លួនវាយកំទេចសម្ភារៈក្នុងហាងនោះបណ្ដាលឲ្យខូចខាតជាច្រើនតែម្ដង ។ដោយផ្អែកលើពាក្យបណ្ដឹងរបស់ម្ចាស់ហាង និងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើបច្ចុប្បន្ន ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដើម្បីចាត់ចាត់ការតាមនីតិវិធី៕