រថយន្តបែនដឹកដី២គ្រឿងបើកដេញគ្នាពេលយប់ បុករៈម៉ូតូ២គ្រឿង បណ្តាលស្ត្រី ១នាក់បានស្លាប់ និងរបួសស្រាល២នាក់ នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ស្លាប់ ១នាក់ និងរបួសស្រាល ២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តបែនដឹកដី២គ្រឿងបើកដេញគ្នាពេលយប់ បុករៈម៉ូតូ២គ្រឿងនាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅបណ្តោយផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់មានឈ្មោះ អុី ម៉ៅ ភេទស្រី អាយុ៤៦ឆ្នាំ(មានកូនក្នុងបន្ទុក៣នាក់)រស់នៅភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកបានបញ្ជាក់ថា៖តាមសំដីប្តីជនរងគ្រោះបានឲ្យដឹងថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺខ្លួន២នាក់ប្តីប្រពន្ធត្រឡប់ពីហាត់ប្រាណនៅភ្នំខ្លាកូនថ្មី មកផ្ទៈវិញលុះដល់ចំណុចផ្លូវបំបែកជាបួនបានឈប់និងចិញ្ចើមផ្លូវបម្រុងឆ្លងផ្លូវមកខាងឆ្វេងដៃ ក៏ស្រាប់តែមានរថយន្តដឹកដី២គ្រឿងបើកបរប្រដេញគ្នាតាមបណ្តោយផ្លូវជាតិលេខ៥៦ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែរថយន្តបែនដឹកដីពាក់ផ្លាក់លេខភ្នំពេញ3A.6039បានរ៉េចង្កូតមកបុករៈម៉ូតូ២គ្រឿងហើយរថយន្តជាប់សសរប៉ាណូខាងស្តាំដៃ បណ្តាលកិនម៉ូតូ១គ្រឿង និងមនុស្សស្លាប់ម្នាក់ក្រោមកង់រថយន្តខាងក្រោយស្តាំដៃនិងរបួស២នាក់ស្រាល ខូចខាតម៉ូតូ២គ្រឿងនិងរថយន្តបែនដឹកដី១គ្រឿងទៀតបើកគេចទៅមុខបាត់។
ក្រោយពីកម្លាំងជំនាញធ្វើការវាស់វែងបានយករថយន្តបង្កនិងម៉ូតូ២គ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងបន្តធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនបង្កគ្រោះថ្នាក់ដើម្បីអនុវត្តន៍តាមច្បាប់។
ប្រជាពលរដ្ឋបានលើកឡើងថា៖រាល់ថ្ងៃឃើញរថយន្តបែនដឹកដីជាច្រើនគ្រឿងបើកបរឆ្លងកាត់ផ្លូវជាតិលេខ៥៦ ដែលដឹកដីទាំងយប់ទាំងថ្ងៃចេញពីខាងជើងភ្នំកងវ៉ាចូលមកប្រជុំជនដោយបើកបរដូចជាគ្មានគោរពច្បាប់ចរាចរណ៍និងសណ្តាប់ធ្នាប់ដោយអាងតែរថយន្តធុនធំបើកប្រជេងគ្នាទើបបង្កអោយគ្រោះមានស្លាប់និងរបួស គួតែអាជ្ញាធរក្រុងរួមនិងមន្ត្រីជំនាញពិនិត្យ ពិចារណា និងមានចំណាត់ចំពោះរថយន្តបែនដឹកដី ដែលបើកយ៉ាងអាណាធិបតេយ្យដែលបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋផងទាន៕