ប្រតិភូខេត្ត វិញ ឡុង ប្រទេសវៀតណាម ចូលជួបសំណេះសំណាល ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៤
ខេត្តបន្ទាយមានជ័យ៖គណៈប្រតិភូ ខេត្ត វិញ ឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដាង វ៉ាន់ជិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញបំពេញទស្សនកិច្ចក្នុងខេត្តបន្ទាយមានជ័យ និងដើម្បីចូលរួមអបអរសាទរនិងជូនពរឲ្យថ្នាក់ដឹកនាំខេត្ត និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត វិញឡុង ឯកឧត្តមបានបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដែល ទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះគណប្រតិភូខេត្ត វិញឡុង ហេីយក៏សូមចូលរួមអបអរសាទរនិងជូនពរដល់ថ្នាក់ដឹកនាំប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែសេចក្ដីសុខចម្រើនសុខភាពល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជនជាតិខ្មែរនាពេលខាងមុខនេះ។ កាយវិការទាំងអស់នេះសបញ្ជាក់និងបានបង្ហាញនូវ មនោសញ្ចេតនា ស្រឡាញ់រាប់អានប្រកបដោយភាតរភាពជាបងប្អូន និងជាការរឹតចំណងសាមគ្គីភាពដ៏រឹងមាំស្ថិតស្ថេរតរៀងទៅ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ប្រទេសជាតិយើងទាំងពីរ កម្ពុជា វៀតណាមតែងតែមានទំនាក់ទំនង គ្នាផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅលើគ្រប់កាលៈទេសៈ និងជួយជ្រោមជ្រែងគ្នាយកឈ្នះលើបញ្ហាប្រឈម នឹងទុក្ខលំបាកនានា បានឆ្លងកាត់ភ្លើងសង្គ្រាមជាមួយគ្នា ពីដើមរៀងមក ប្រកៀកស្មាគ្នា ប្រយុទ្ធសត្រូវរួម ដើម្បីឯករាជភាព សេរីភាពនៃប្រជាជនរបស់ខ្លួន ជាក់ស្តែងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំរួមនឹងយុទ្ធមិត្ត ដ៏ស្មោះស្ម័គ្រ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុត ចាក់ទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកនូវការគាំទ្រក្នុងការរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីក្រញាំបិសាច ដ៏សែនឃោរឃៅ ប៉ុលពត។ផ្ដើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុតមាំ នោះហើយទើបនាំឲ្យមានការរំដោះប្រទេសជាតិនិងប្រជាជនកម្ពុជាចេញពីរបបវាលពិឃាតពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឲ្យឈានឆ្ពោះទៅរកនូវការបិទបញ្ចប់សង្គ្រាម បិទបញ្ចប់ ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង អភិវឌ្ឍប្រទេសឲ្យមានភាពរីកចម្រើន ដូចពេលបច្ចុប្បន្ន។ថ្ងៃ ៧មករាឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជា ចាត់ទុកថាជាកំណើតទីពីរ របស់ខ្លួនគឺពិតជាបានមកដោយសារការជួយគាំទ្រយ៉ាងពេញទំហឹងពី សំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ពលីដើម្បីស្រោចស្រង់អាយុជីវិតនិងវាសនារបស់ប្រទេសកម្ពុជា ឲ្យងើបផុតពីរបបប្រល័យពូជសាសន៍ ការផ្លាស់ប្តូរប្រតិភូទៅវិញទៅមកគឺពិតជាបាននាំមកនូវឧត្តមប្រយោជន៍ ពីការពូនជ្រំឲ្យកាន់តែរឹងមាំ អ្នកដូចជាចេតនាកាន់តែស្និទ្ធស្នាលទ្វេឡើង ហើយទំនាក់ទំនងដ៏ល្អនេះ អាចបញ្ជាក់បានថាកិច្ចប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជាវៀតណាម នឹងនៅតែដើរតាមនិន្នាការ វិជ្ជមាននិងទទួលបាននូវសមិទ្ធផលជាផ្លែផ្កា ជាច្រើនបន្តទៀត៕