រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ចូលមកកម្ពុជា ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយឯកឧត្ដម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្ដម អ៊ុុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្ដម លោកជំទាវ លោកឧត្ដមសេនីយ៍ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាននិងលោក លោកស្រីអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរស្ថាប័នពាក់ព័ន្ធជាច្រើនរូប នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយពលករ និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ចូលព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ក្រោយពីបញ្ចប់នៃការសំណេះសំណាលប្រកបដោយភាពស្និទ្ធិស្នាល រីករាយ និងរាក់ទាក់ក្រៃលែង មកនោះឯកឧត្ដម អភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារស្នាក់នៅ និងបន្ទប់ធ្វើការថ្មីរបស់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្ដម លោកជំទាវ លោកឧត្ដមសេនីយ៍ វរសេនីយ៍ ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ភាគីថៃច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក និងតំណាងក្រុមហ៊ុនឯកជនមួយចំនួនផងដែរ ។
នាឱកាសនោះឯកឧត្ដម អភិសន្តិបណ្ឌិត និងលោកជំទាវ រួមជាមួយប្រតិភូ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ក៏បានអញ្ជើញពិសារអាហារថ្ងៃត្រង់រួមគ្នានៅក្នុងបរិវេណទីតាំងក្រុងពាលីជាកិច្ចចប់កម្មវិធី ៕