ស្ពានថ្ម១ខ្សែ តភ្ជាប់ពីមុខវត្តអម្ពិលពោធិប្រាក់ ស្រុកព្រះនេត្រព្រះ ឆ្លងទៅឃុំសំបួរស្រុកក្រឡាញ់កំពុងកសាងមានការខ្វះខាត ស្នើសប្បុរសជនជួយតាមសទ្ធាជ្រះថ្លា(មានវីឌឺអូរ)
(បន្ទាយមានជ័យ)៖ផ្លូវ–ស្ពានគឺជាសរសៃឈាម សេដ្ឋកិច្ចដ៏មានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ និងអាស្រ័យការដឹកជញ្ជូនកសិផលនានាឆ្លងកាត់ពីស្រុក ខេត្តមួយ ទៅស្រុកខេត្តមួយ ជាក់ស្តែងដោយក្រោមការដឹនាំរបស់ព្រះតេជគុណ ភិក្ខុ បញ្ញាធរោ លន់ គឹមសាន ព្រះគ្រូចៅអធិការវត្តអម្ពិលពោធិប្រាក់ ស្ថិតនៅក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានធ្វើការសាងសង់ស្ពានមួយខ្សែប្រវែងបណ្ដោយ៥៥ម៉ែត្រ ទទឹង ៥,៣ ម៉ែត្រ ធ្វើពីបេតុងអាមេ ដោយស្ពាននេះតភ្ជាប់ពីមុខវត្តអម្ពិលពោធិប្រាក់ ឆ្លងទៅឃុំសំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប ចំណាយថវិកាប្រមាណ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយបច្ចុប្បន្ននៃការសាងសង់ស្ពាននេះជាលទ្ធផលបាន ៤០% ហើយកំពុងមានការខ្វះខាតនោះ ក៏សូមអំពាវនាវដល់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស បន្តជួយតាមសទ្ធាជ្រះថ្លា ទោះសទ្ធាតិចក្ដីច្រើនក្ដី ចូលរួមចំណែកកសាងស្ពានថ្មមួយខ្សែនេះ ឲ្យបានរួចរាល់ជាស្ថាពរ។
ព្រះតេជគុណ ភិក្ខុ បញ្ញាធរោ លន់ គឹមសាន ព្រះគ្រូចៅអធិការវត្ត អម្ពិលពោធិប្រាក់ បានមានសង្ឃដីការ ក្រោយពីធ្វើពិធីក្រុងពលីចុះបឋមសិលាកន្លងទៅ ក្រោមអធិបតីភាពលោកជំទាវ ឧកញ៉ា ម៉ៅម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងបានទទួលថវិកា សម្ភារៈ ពីរសទ្ធាជ្រះថ្លា ពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រជាពុទ្ធបរិស័ទជិតឆ្ងាយនោះមកព្រះគ្រូ លន់ គឹមសាន បានធ្វើការដឹកនាំកសាងស្ពាននេះបាន ៤០% តែបច្ចុប្បន្នកំពុងមានការខ្វះខាតថវិកាដើម្បីកសាងបន្ត។ ព្រះតេជគុណមានសង្ឃដីកាបញ្ជាក់ថា ស្ពានថ្មឆ្លងស្ទឹងមួយខ្សែនេះ គឺមានសារៈប្រយោជន៍សំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋឆ្លងកាត់ដូចជា ការដឹកជញ្ជូនកសិផល សិស្សានុសិស្សរៀនសូត្រ ប្រាស័យទាក់ទងគ្នារវាងខេត្តបន្ទាយមានជ័យ និងសៀមរាបដូចនេះសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជនក្នុងនិងក្រៅប្រទេសនឹងបន្តជួយជាសទ្ធាជ្រះថ្លា ចូលរួមចំណែកកសាងស្ពានថ្មមួយខ្សែនេះ ឲ្យបានរួចរាល់ជាស្ថាពរ ទោះសទ្ធាតិចក្ដីច្រើនក្ដី ក៏បាននាំមកនូវកម្លាំងសាមគ្គី ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រផងដែរ ៕
ព័ត៌មានលំអិតសូមអញ្ជ់ើញទស្សនានូវវីឌឺអូរដែលមានដូចខាងក្រោមៈ