អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវប្រាំងនេះ
ប៉ៃលិន ៖លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះថែទាំសុខភាព និងរស់នៅប្រកដោយអនាម័យ ជាពិសេសកុមារតូចៗ នៅក្នុងរដូវប្រាំងនេះ ខណៈអាកាសធាតុក្តៅខ្លាំង ។ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជម្ងឺដម្កាត់ផ្សេងៗ ដែលអាចបង្កជាបញ្ហាលំបាកដល់ក្រុមគ្រួសារ ហើយបើមានបញ្ហាសុខភាព ត្រូវប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញ ជៀសវាងទុកឲ្យអ្នកជម្ងឺ មានសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។ លោកជំទាវ អភិបាលខេត្តប៉ៃលិន អំពាវបែបនេះក្នុងឱកាសអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាល របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ។
លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ច–សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជាតាមរយៈការលើក កម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម–សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំផ្តល់សេវ៉ា បម្រើ និងពិនិត្យ ព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ព្រោះយើងសុទ្ធតែជាមន្រ្តីរបស់រដ្ឋ ដូច្នេះត្រូវធ្វើការងារជំនាញប្រកដោយវិជ្ជាជីវៈ ទៅតាមគោលនយោបាយ និងការណែនាំ របស់រាជរដ្ឋាភិបាល ហើយលោកជំទាវបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាលជូនប្រជាពលរដ្ឋ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត អោយកាន់តែល្អប្រសើឡើង ។
បើតាមការបញ្ជាក់របស់ លោក ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១, មណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ និងនៅស្រុកសាលាក្រៅចំនួន ៣ ដោយបុគ្គលិកក្របខ័ណ្ឌសរុប ចំនួន ២១៦នក់ ស្រី ១១៥នាក់ និងបុគ្គលិកជាប់កិច្ចសន្យា សរុបចំនួន ២៦នាក់ ស្រី ១៤នាក់ ៕