មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយផ្តល់ជូនកងកម្លាំងជួរមុខរ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អមដំណើរដោយថ្នាក់ដឹកនាំកងពល នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកា ផ្តល់ជូននាយ–ពលទាហាន ដែលកំពុងបំពេញបេសកម្មប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច តាមផែនការរបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា ឋានានុក្រមរបស់កងទ័ព និងមានសាមគ្គីភាពឯកភាពគ្នា ទាំងផ្ទៃក្នុង និងជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន រួមគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
សូមបញ្ជាក់ថា កងកម្លាំងរបស់កងពល ដែលកំពុងបំពេញបេសកម្មប្រតិបត្តិការ ជួរមុខនៅតាមបន្ទាត់ព្រំដែន ចាប់តាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ដើម្បីទប់ស្កាត់កងឆ្លងរីករាលដាលជំងឺឆ្លងកូវីដ១៩ ពីប្រទេសជិតខាងចូលសហគមន៍ និងការលួចឆ្លងដែនដោយខុសច្បាប់ ។
ជាមួយគ្នានោះដែរលោកមេបញ្ជាការ កងពល ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគទី៥ ដែលតែងតែយកចិត្តទុក្ខដល់សុខទុក្ខកងកម្លាំងទាំងអស់ គ្រប់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់កងកម្លាំងនិងក្រុមគ្រួសារយោធិន ទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មិនបានជួបជុំគ្រួសារ ត្រូវបំពេញតួរនាទីភារកិច្ច ដើម្បីធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ។ជាចុងក្រោយលោកឧត្តមសេនីយ៍ ផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ បន្តអវុត្តន៍វិធានការ ការពារជំងឺឆ្លងកូវីដ១៩ របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ ទាំងអស់គ្នាផងដែរ ៕