ពិធីត្រស្តិ(ត្រាស់) វត្តចោមប្រាសាទសូភី ឃុំសូភី ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីការប្រព្រឹត្តទៅនៃដំណើរការសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ដែលជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសតែងតែប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួនក្នុងមនោសញ្ចេតនាសប្បាយរីករាយនិងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និត ព្រមទាំងទទួលបានសព្វសាធុការពរជ័យ ពពីបុព្វការីជននិងទេវតាឆ្នាំថ្មីព្រះនាមមហោទិរាជទេវី ។គម្រប់សង្ក្រាន្ត៤ ថ្ងៃដែលគណៈកម្មការជាតិរៀបចំពិធីបុណ្យជាតិអន្តរជាតិ លេខ 02/2024 បានធ្វើការកំណត់សង្ក្រាន្តឆ្នាំថ្មី ២៤នេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ចប់ដោយបរិបូណ៌ ចូលឆ្នាំរោង ឆស័ក តរៀងទៅ។ ប៉ុន្តែសម្រាប់នៅតាមទីវត្តអារាមនានាមួយចំនួន នៅមានកម្មវិធីកំសាន្តសប្បាយរហូតដល់ថ្ងៃទី២១ ខែមេសានេះទើបបិទបញ្ចប់។
និយាយជារួមនិងនិយាយដោយឡែកសម្រាប់វត្តចោមប្រាសាទសូភី ក្នុងឃុំសុភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២ នេះ បានរៀបចំពិធីត្រាស់ (ត្រស្តិ) ឆ្លងបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ដោយយើងពិនិត្យឃើញបងប្អូនប្រជាពលរដ្ឋប្រុសស្រីចំណុះជើងវត្ត ចោមប្រាសាទសុភីមានការចូលរួមយ៉ាងអធិកអធម្មមានពិធីរាប់បាត្រពិធីផ្សឹកភ្នំខ្សាច់ ពិធីស្រង់ព្រះ លុះដល់ពេលរសៀល ក៏បានរៀបចំពិធីដង្ហែប្រទក្សិណ ជុំវិញភូមិឆ្លងកាត់វាលស្រែមួយទៅមួយ បង្ករលក្ខណៈរាំកំសាន្តសប្បាយរីករាយតាមដងផ្លូវ។
លោក មហាសន្តិធរោ ឈឿង គា ប្រធានអាចារ្យគណៈកម្មការស្រុកអូរជ្រៅ និងជាប្រធានគណៈកម្មការវត្តចោមប្រាសាទសុភីបានបញ្ជាក់ថា វត្តចោមប្រាសាទសូភីនេះមានអាយុកាល១២៨ឆ្នាំមកហើយ និងមានប្រជាពុទ្ធបរិស័ទចំណុះជើងវត្តចំនួន៤ ភូមិ ក្នុងឃុំសូភី ។ ហើយក្នុងថ្ងៃត្រាស់នេះប្រជាពលរដ្ឋរស់នៅតំបន់នេះតែងតែប្រារព្ធពិធីដង្ហែព្រះសង្ឃជារៀងរាល់ឆ្នាំ ដោយពួកគាត់គិតថាជាប្រពៃណីរបស់គាត់ ហើយគោលបំណងនៃពិធីដង្ហែព្រះសង្ឃជុំវិញភូមិគឺដើម្បីជាជំនឿអរូបីការពារពួកអមនុស្ស ទាំងឡាយផងនិងដើម្បីជាចំណងសាមគ្គីភាពមិត្តភាពជាមួយភូមិផងរបងតែមួយ។ ចេះស្រឡាញ់គោរពគ្នាទៅវិញទៅមក ព្រមទាំងបានបង្កលក្ខណៈសប្បាយរីករាយក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីផងដែរ។
លោក ឈឿង គា បន្តថា ក្នុងថ្ងៃត្រាស់សង្ក្រាន្តនេះដើម្បីបញ្ជាក់ពីអត្ថន័យភាពសាមគ្គីរុងរឿងត្រជាក់ត្រជុំ រីឯការស្រង់ព្រះស្រង់ព្រះសង្ឃព្រឹទ្ធាចារ្យគឺជាកិច្ចមួយបញ្ជាក់ពីទឹកចិត្តប្រកបដោយ កតញ្ញូតាធម៌ ដឹងគុណ គោរពគុណ បូជាគុណ ដើម្បីជាសិរីសួស្ដីមង្គលវិបុលសុខកើតមានសម្រាប់ជីវិតគ្រប់ៗគ្នា៕