ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានត្រៀមកម្លាំង រថយ​ន្តធំ-តូច ស៊ីទែនទឹក និងសម្ភារជាច្រើនទៀតរួចជាស្រេច ដើម្បីត្រៀមអន្តរាគមន៍ ជួយដល់ប្រ​ជាពល​រដ្ឋ រ​ងគ្រោះដោយខ្វះខាតទឹកស្អាតប្រើប្រាស់

(បន្ទាយមានជ័យ) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានប​ទបញ្ជារបស់ស​ម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រីនៃ​កម្ពុជា ឲ្យកងកម្លាំងប្រដា​ប់អាវុធទំាងអ​ស់ត្រៀមអន្តរា​គមន៍ជួយប្រជាពលរដ្ឋ ដោះស្រាយ​បញ្ហាកង្វះទឹកស្អាត​ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងពេលអាកា​សធាតុ​ក្តៅខ្លាំង នៅរដូវប្រាំង​បានអូសបន្លាយពេ​លវេលា លោកឧត្តម​សេនី​យ៍ត្រី សឹង្ហ ទុំ បញ្ជាក់​ថា នាយ​ទាហាន នាយទាហានរង និងពលទា​ហា​នទាំងអស់ នៃអង្គ​ភាពកងពលតូចថ្មើរជើងលេខ៥១ បាន​ត្រៀមរួចអ​ស់ហើយនូវសម្ភារ សម្រាប់ជួយអន្តរាគមន៍ ជួយដល់បងប្អូន​ប្រជាពលរដ្ឋដែល​រងគ្រោះ​ហមន្តរាយផ្សេងៗ មិ​នថាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ឬគ្រោះរាំងស្ងួតនោះឡើយ គឺកម្លាំងត្រៀមខ្លួន​ជានិច្ច២៤​ម៉ោងលើ២៤ម៉ោង។

លោកឧត្តមសេនីយ៍មេបញ្ជាការ កងពល ក៏បានបញ្ជាក់ដែរថា កងពល​តែងតែចេ​ញបទបញ្ជា​ជាប្រចាំពាក់ព័ន្ធនឹងការ ប្រុងប្រៀបកម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋលើគ្រប់បញ្ហាទាំងអស់ ជាពិសេ​សទាក់ទងនឹងកង្វះទឹកនេះ គឺអង្គភាពបានចេញបទបញ្ជាឲ្យត្រៀមរថយន្ត ធុងទឹករួចអស់ហើយ ដរាបណាប​ងប្អូនប្រជាពលរដ្ឋមានបញ្ហា ឬមានបទបញ្ជារបស់យោធភូមិភាគទី៥ កងកម្លាំងនឹង​ចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗតែម្តង ដោយមិនចាំយូរនោះឡើយ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានបញ្ជាក់ផងដែរថា មួយរយៈកា​លកន្លងមក​នេះ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក៏បា​នចុះជួយអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះព្រៃ និងផ្ទះប​ងប្អូនប្រជាពលរដ្ឋបានមួយចំនួនផងដែរ ហើយមួយវិ​ញទៀតប្រសិន​បើប្រជាពលរដ្ឋមាន​បញ្ហាអ្វីគឺកង​ពលតូចថ្មើរជើ​ងលេខ៥១ មានកម្លាំង និងសម្ភារនៅក្នុងដៃ​សម្រាប់ជួយគ្រ​ប់ពេលវេ​លាទាំងអស់។

ដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ក្នុងឱកា​សអញ្ជើញជួប​សំណេះសំណាល​ជាមួយម​ន្រ្តីរាជ​ការ បុគ្គលិក កម្មករ និយោជិតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទ​រខួបអ​នុស្សាវរីយ៍​លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឲ្យកងកម្លាំង​ប្រដាប់ អាវុធទាំងអស់ត្រូវត្រៀមកម្លាំង និងស​ម្ភារផ្សេងៗសម្រាប់​ចុះជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស ដោយមិន​គិតអំពីនិន្នាការនោះឡើយ ខណៈដែលពួកគា​ត់ខ្វះទឹកប្រើប្រាស់ ស្អាតប្រើប្រាស់។ បទបញ្ជារប​ស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺស្របពេ​លដែលកម្ពុជា​មានអាកាសធាតុ​កំពុងហក់ឡើង​ខ្លាំង ដោយខេត្តខ្លះបានឡើងរហូតលើស៤០អង្សាសេនោះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button