រថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង
(បន្ទាយមានជ័យ) យុវជន១នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយនឹងម៉ូតូ លក្ខណៈម៉ូតូឆ្លងផ្លូវបំបែកជាបួន ត្រូវបានទៅប៉ះជាមួយរថយន្តហាយឡិនឌ័រពេញមួយទំហឹងដែលបានបើកបរក្នុងល្បឿនលឿន ស្ថិតនៅចំណុចខាងក្រោយផ្លូវលំផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅវេលាម៉ោង ១ៈ៥០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
យុវជនរងគ្រោះស្លាប់ត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ រិទ្ធ រាជ អាយុ១៦ឆ្នាំ(ជាកម្មដឹកជញ្ជូន)ស្នាក់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានស្រុកកំណើតរស់នៅខេត្តព្រះវិហារ។
អ្នកឃើញហេតុការណ៍បានប្រាប់អោយដឹងថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានយុវជនម្នាក់បានបើកបរម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខបន្ទាយមានជ័យ 1AB-9011 បើកបរតាមផ្លូវក្នុងទិសដៅពីត្បូងមកជើងបម្រុងឆ្លងផ្លូវបំបែកជាបួនទៅជើងបានទៅបុកចំកងរថយន្តម៉ាក់ហាយឡិនឌ័រខាងមុខ ដែលមានស្លាកលេខបន្ទាយមានជ័យ2B-0567 បានបើកបរក្នុងល្បឿននៅតាមដងផ្លូវបេតុងពីលិចមកកើតដល់ចំណុចផ្លូវបំបែកជាបួនអ្នកជិះម៉ូតូឆ្លងផ្លូវប៉ះពេញទំហឹងប៉ើងជាង១០ម៉ែត្រ បណ្តាលបែកក្បាលហូរឈាមៗស្លាប់ភ្លាមៗនិងកន្លែង។
ក្រោយគ្រោះថ្នាក់ចរាចរណ៍ឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានទៅដល់ភ្លាមៗឃាត់អ្នកបើកបររថយន្តដាក់យកទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងជំនាញបានធ្វើការវាស់វែងបានប្រាប់ថា មូលហេតុគ្រោះចរាចរណ៍កើតឡើងបង្កដោយរថយន្តហាយឡិនឌ័រ បើកបរលឿនបានប៉ះអ្នកបើកបរម៉ូតូឆ្លងផ្លូវបំបែកជាបួនបណ្តាលស្លាប់ម្នាក់និងកន្លែងជាអ្នកបើកបរម៉ូតូ។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ក្រោយធ្វើការពិនិត្យវាស់វែងហើយសាកសពជនរងគ្រោះប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ហើយរថយន្តបង្កនិងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕