ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោ​យចេ​តនា មានស្ថានទម្ងន់​ទោស ដោយ​សា​រមរ​ណភាព​នៃជ​ន​រងគ្រោះ ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ​លោកវរសេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង១២និ​ង៥៥នាទី  ថ្ងៃទី០៥ ខែឧសភា​ ឆ្នាំ២០២៤ បានចុះធ្វើការស្រាជ្រាវរហូតឈាន់ដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នឹម កុយ (ហៅម៉ាប់) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ករណីហិង្សាដោយចេ​តនា ស្ថានទម្ងន់ទោសដោ​យសារមរណភា​ពនៃជនរងគ្រោះ ដែលប្រព្រឹត្តកា​លពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចទល់មុខក្លឹបកម្សាន្ត ស្តាស៊ី ធី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ការឃាត់ខ្លួននេះបានធ្វើឡើងតាមពាក្យបណ្តឹងរ​បស់ជនរងគ្រោះឈ្មោះ សេង វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររើស​អេតចាយ បច្ចុប្បន្នស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា តាមកា​ររៀបរាប់របស់ដេីមបណ្តឹង បានឱ្យដឹងថា កាលពីថ្ងៃកេីតហេតុពួកគេមានគ្នាចំនួន០៥នាក់ រួមជា​មួយនិ​ងឈ្មោះ សាក់ (ជនរងគ្រោះដែលស្លាប់) បាននាំគ្នាទៅអង្គុយផឹកស្រាថ្នាំនៅផ្ទះរបស់ឈ្មោះ ទូច បន្ទាប់មក​ទៀតបាននាំគ្នាទៅផឹកបន្តនៅវាលស្មៅទ​ល់មុខក្លឹបកម្សាន្តស្តាស៊ីធី ដែលជា​កន្លែងដែ​លពួកខ្លួន​រើសអេតចាយ ពេលនោះជនដៃដល់ឈ្មោះ ម៉ាប់ (នឹម កុយ) បានជិះកង់មកដ​ល់កន្លែង​ជនរងគ្រោះ​អង្គុយ និងបានសុំផឹកជាមួយគ្នា លុះក្រោយមកជនរងគ្រោះឈ្មោះ សាក់(ស្លាប់) និងជន​ដៃដ​ល់បានទាស់​ពាក្យសំដីគ្នា ជនសង្ស័យ​បាន​ដើរទៅយ​កញញួរពីក្នុង​ការ៉ុងរើសអេតចាយ វាយ​ទៅលេីជនរងគ្រោះឈ្មោះ សាក ពីខាងក្រោយ ត្រូវចំក្បាលជាច្រេីនញញួរ បណ្តាលឱ្យបែ​កឈាមស្លាប់ ភ្លាមៗ​នៅនឹ​ងកន្លែង។ ចំណែកដេីមបណ្តឹង (ឈ្មោះ សេង វាសនា) ក៏ត្រូវជនដៃដ​ល់វាយ​ចំនួន០២ញញួរដែរ ត្រូវចំក្បាល​បណ្តាលឱ្យរងរបួ​សធ្ងន់ផងដែរ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់​កន្លែងកើត​ហេតុ ធ្វើការស្រាវជ្រាវ រហូតកំ​ណត់មុខសញ្ញាជន​សង្ស័យ ឈានដល់ការឃាត់ខ្លួន ព្រម​ទាំងវត្ថុតាង ញញូរដែ​កថ្នាំងអំ​ពៅកែច្នៃ ប្រវែង៣​៩សង់ទីម៉ែត្រ ចំនួន០១ដើម នាំមកមូលដ្ឋា​នក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួន ពិតជាបា​នយកញញួរ​វាយទៅលើជនរងគ្រោះពិតប្រាកមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង​បញ្ជូនទៅកាន់បញ្ជាកា​រដ្ឋានកងរាជអា​វុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្ត​តាមនីតិវិធី ។ ចំណែក​សពត្រូវបា​នប្រគល់ជូនក្រុមគ្រួសារ ដេីម្បីចាត់ចែង​យកទៅធ្វេីបុណ្យ​តាមប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button