លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ចាត់តាំងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ ចុះជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់
(បន្ទាយមានជ័យ)៖នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ចំនួន១០០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ណក់ នា ជំនួយការសេនាធិការ វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ៦៥ខ្នង ប្រើប្រាស់ស៍ង្កសីចំនួន ១០៤៣ សន្លឹក ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២វេលាម៉ោង១៦:៤០នាទី មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារមួយចំនួន ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា កងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។
ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា ៕