ដឹកទំនិញលើសទម្ងន់ ផ្ទុះកង់ក្រោយ អ្នកបើកបរនិងព្រូលោតចុះ បណ្តាលរបួសធ្ងន់ស្រាល នៅស្រុកស្វាយចេក
បន្ទាយមានជ័យ៖រថយន្តសាំយ៉ុងដឹកទឹកសុទ្ធនាំចូលពីថៃលើសទម្ងន់ផ្ទុះកង់ក្រោយអ្នកបើកបរនិងព្រូលោតចុះ បណ្តាលរបួសធ្ងន់ស្រាយទាំង២នាក់នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៦ ស្ថិតភូមិខ្លែងព័រ ឃុំស្លរក្រាម ស្រុកស្វាយចេក។
ប្រភពព័ត៌មានបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេបានឃើញរថយន្តប្រភេទសាំយ៉ុងពាក់ផ្លាក់លេខ ភ្នំពេញ2AQ-8003បានដឹកអីវ៉ាន់ពេញរថយន្ត និងទឹកសុទ្ធដាក់ក្រោយលុះបើកមកដល់ចំណុចខាងលើក៏ស្រាប់តែផ្ទុះកង់ក្រោយខាងស្តាំ ភ្លាមនោះអ្នកបើកបរនិងព្រូម្នាក់ បានបើកទ្វារលោតចេញពីរថយន្ត បណ្តាលព្រូរងរបួសស្រាល និងអ្នកបើកបររងបួសធ្ងន់ ត្រូវបានដឹកយកទៅបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។ក្រោយពីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាមកម្លាំងនគរបាលបានចុះមកពិនិត្យ និងជួយអន្តរាគមភ្លាមៗផងដែរ។
នគរបាលបានឲ្យដឹងថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺផ្តើមចេញពីរថយន្តសាំយ៉ុងដឹកទំនិញ និងទឹកសុទ្ធលើសទម្ងន់ទើបបណ្តាលផ្ទុះកង់ខាងក្រោយរ៉េចង្កូត អ្នកបើកបររថយន្តនិងព្រូបើកទ្វារលោតចុះបណ្តាលរបួសធ្ងន់ស្រាលទាំង២នាក់ ។
ជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍នេះដែរប្រជាពលរដ្ឋបានលើកឡើងថា៖ជារៀងរាល់ពេលល្ងាចនៅតាមដងផ្លូវជាតិលេខ៥៦ពីព្រំដែនស្រុកថ្មពួក និងស្រុកស្វាយចេក មានរថយន្តដឹកទំនិញចេញពីព្រំដែនចូលមកទីរួមខេត្តយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃហើយបើកបរក្នុងល្បឿនលឿន ដោយមិនគិតពីសុវត្ថិភាពអ្នករួមដំណើរជាក់ស្តែងដូចជាករណីខាងលើនេះអញ្ជឹងដឹកទាល់តែផ្ទុះកង់ហើយភាគច្រើនជារថយន្តកែឆ្នៃដែលដឹកទំនិញមិនដឹងមានអ្វីខ្លៈ គួរមន្ត្រីនិងកម្លាំងជំនាញ ពិនិត្យលើរថយន្តដឹកទំនិញទាំងនេះផង ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈ៕