ទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រៀបចំកម្មវិធីលេងល្បែងប្រជាប្រិយ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
(បន្ទាយមានជ័យ):នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី៣ នៃការបញ្ចប់ទិវាចូលឆ្នាំថ្មីរយៈពេល ៣ ថ្ងៃ នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ព្រមទាំងក្រុមគ្រួសារ បានរៀបចំពិធីលេងល្បែង របាំប្រជាប្រិយ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការកងពល ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ។
ឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែងថា ក្រៅពីបានចាត់តាំងកម្លាំងសហការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋកំសាន្តសប្បាយរីករាយនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត និងតាមវត្តអារាម ថ្នាក់ដឹកនាំនៃអង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានរៀបចំកម្មវិធីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឆ្នាំនេះឱ្យ មានភាពអធិកអធមនិងសប្បាយរីករាយ ដោយបានរៀបចំការលេងល្បែងប្រជាប្រិយ និងទទួលនំបញ្ចុកសាមគ្គី ផងដែរ។
នៅក្នុងឱកាសនេះដែរ លោកមេបញ្ជាការ កងពលបាន អរគុណសន្តិភាព អរគុណនយោ បាយ ឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ទើបយើងមានអ្វីៗគ្រប់យ៉ាង និងមានការសប្បាយរីករាយនៅថ្ងៃនេះ ហើយក៏បានអំពាវនាវដល់យោធិនទាំងអស់ និងក្រុមគ្រួសារត្រូវបន្តប្រុងប្រយ័ត្ន ទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការបី ការពារនិងបីកុំ ប្រមុខរាជរដ្ឋាភិបាល ៕