ពិធីបេីក បវេសនកាល ឆ្នាំសិក្សា ២០២៤-២០២៥ របស់សមណៈសិស្ស សាលាកម្រង ពុទ្ធិកសិក្សា វត្តប្រាសាទស្រះឈ្នួរ
ខេត្តបន្ទាយមានជ័យ៖ស្របពេល នៃសមណៈសិស្ស សមណៈនិស្សិតគ្រប់ភូមិសិក្សាទាំងអស់ កំពុងអបអរសាទរការបើកនៅបវេស្សនកាល ឆ្នាំសិក្សាថ្មី នៃវិស័យពុទ្ធិកសិក្សាទូទាំងប្រទេស នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ នៅសាលាកម្រងពុទ្ធិកសិក្សា ស្ថិតនៅក្នុងវត្តប្រាសាទ ស្រះឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក៏បានបើកនៅបវេសនាកាលឆ្នាំសិក្សាថ្មី ២០២៤ -២០២៥។
ព្រះអង្គគ្រូ កេតុ សីលោ អុិត រដ្ឋា ព្រះចៅអធិការវត្តប្រាសាទស្រះឈ្នួរ និងជានាយកសាលាកម្រងពុទ្ធិកសិក្សាបានមានថេរៈដីកាថា នៅក្នុងវត្តប្រាសាទស្រៈឈ្នួរ បច្ចុប្បន្នមាន ព្រះសង្ឃគង់នៅរៀនសូត្រសរុបស៩៨អង្គ នេះមិនទាន់និមន្ត មកអស់នៅឡើយទេ ដោយសារសាលាពុទ្ធិកសិក្សានេះ បានបង្កើតមកយូរណាស់មកហើយ នឹងចំនួនសិស្សពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់។
ព្រះតេជគុណ អុិត រដ្ឋា មានសង្ឃដីកាកាបន្តថា ដោយពិនិត្យមើលឃើញពីចំនួនសិស្សមានការកើនឡើង ព្រះអង្គ គណៈកម្មការ អាចារ្យប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានសម្រេចកសាងនូវ សាលាកម្រងមួយខ្នងទៀត ដែលមានទទឹង១០ម៉ែត្រ បណ្ដោយ ៥៥ម៉ែត្រកម្ពស់ពីរជាន់ ត្រូវចំណាយថវិកាប្រមាណជា ៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពុងសាងសង់បានប្រមាណជា ៦០%ភាគរយហើយ ដូច្នេះក្នុងនាមជាព្រះចៅអធិការ នៃវត្តប្រាសាទស្រះឈ្នួរ សុំធ្វើការអំពាវនាវ ឲ្យបានដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រី មន្ត្រីរាជការ សប្បុរសជនជិតឆ្ងាយ មេត្តាជួយជាកម្លាំងសទ្ធាជ្រះថ្លា ដេីម្បីបាននូវសាលាកម្រងថ្មីនេះឲ្យបានរួចរាល់ជាស្ថាពរ។
លោក ប្រាក់ សុភ័ត ដែលជាអនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈគ្រប់គ្រងសាលា ព្រះចៅអធិការ សប្បុរសជន ជាពិសេសសាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូ ដែលបានពុះពារគ្រប់ឧបសគ្គប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាពសមានចិត្តដ៏ល្អ ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យពុទ្ធិកសិក្សាប្រកបដោយគុណភាពប្រសិទ្ធភាពខ្ពស់ ពីព្រោះថាព្រះពុទ្ធសាសនា អាចរីកចម្រើនទៅបានក៏អាស្រ័យដោយធនធាន ព្រះសង្ឃចេះដឹងច្រើនទន្ទឹមនឹងនេះតាមរយៈ ការបេីក បវេសនកាលសិក្សាសម្រាប់ឆ្នាំសិក្សា២០២៤ .២០២៥ត្រូវបានរំលេចឡើង ដើម្បីរួមចំណែកបង្កើននូវប្រសិទ្ធភាព នៃការអប់រំសីលធម៌មនុស្សធម៌តាមមាគ៌ាដ៏ត្រជាក់ត្រជុំរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។
លោកប្រាក់ សុភ័ត ក៏បានផ្ដាំផ្ញើដល់សមណៈសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រស្រាវជ្រាវឲ្យអស់ពីសមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងការប្រព្រឹត្តនូវអំពើសុចរិត ដែលជាប្រយោជន៍ដល់សង្គមជាតិគ្រួសារនិងព្រះពុទ្ធសាសនា។ បញ្ចប់នៃកម្មវិធីគណៈអធិបតីក៏បានប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ដល់ សមណៈសិស្សឆ្នើម ព្រមទាំងបានប្រគេន សម្ភារៈសិក្សាដល់សមណៈសិស្សសិស្សផងដែរ ៕