ពិធីបើកបវេសនកាលឆ្នាំថ្មី ២០២៤-២០២៥ ពុទ្ធិកសិក្សាទូទាំងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ទីវត្តអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែកក្នុងការកសាងសង្គមជាតិ ប្រកបដោយសីលធម៌ ចរិយាធម៌ សមធម៌និងមានសេរីភាពទាមទារឲ្យមានការអភិវឌ្ឍផ្នែកអប់រំ ជាសំខាន់ ។ឯកឧត្ដម ហុឹម វិបុលឬទ្ធ៍ រដ្ឋលេខាធិការក្រសួង ធម្មការ និងសាសនា ថ្លែងបែបនេះក្នុងពិធីបើកបវេស្សនកាលឆ្នាំថ្មី ២០២៤-២០២៥ របស់សាមណសិស្សសាលាពុទ្ធិកសិក្សាទូទាំងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភាព្រះពុទ្ធសាសនា ឧត្តមក្រុមប្រឹក្សាផ្ទាល់ នៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅវត្តទក្ខិណារាម អញ្ចាញ ក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីលោក បៀវ ថាន ប្រធានមន្ទីរធម្មការ និង សាសនា បានមានមតិស្វាគមន៍និងរបាយការណ៍សង្ខេបរួចមក ព្រះសមណញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត ព្រះអង្គបានអានសារលិខិតរបស់សម្ដេចព្រះពោធិវង្សគតិបណ្ឌិត អំ លឹមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលមានខ្លឹមសារបញ្ជាក់ថា គណៈគ្រប់គ្រងគ្រប់ភូមិសិក្សា ព្រះចៅអធិការ សប្បុរសជន ជាពិសេស សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានពុះពារគ្រប់ឧបសគ្គ ប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព ដែលមានសមានចិត្តបរិសុទ្ធចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យពុទ្ធិកសិក្សា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពីព្រោះព្រះពុទ្ធសាសនាអាចរីកចម្រើនទៅបាន ក៏អាស្រ័យដោយធនធានព្រះសង្ឃមានអ្នកចេះដឹងច្រើន ដូច្នេះចាំបាច់ត្រូវតែចូលរួមបណ្តុះបណ្តាលនូវធនធានព្រះសង្ឃឲ្យបានច្រើន ដើម្បីអនាគតព្រះពុទ្ធសាសនា។
លោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា តាមរយៈនៃការបើកបវេស្សនកាលពុទ្ធិកសិក្សាសម្រាប់ឆ្នាំ២០២៤ ២០២៥ ត្រូវបានរំលេចឡើង ដើម្បីរួមចំណែកបង្កើនប្រសិទ្ធភាពនៃការអប់រំសីលធម៌ សមធម៌ តាមមាគ៌ាដ៏ត្រជាក់របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។លទ្ធផលនៃ បវេសនកាលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញនៃការរួបរួមជាធ្លុងមួយរបស់ ពុទ្ធសាសនិក នៅក្នុងកិច្ចសហការគ្នាសំដៅទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើនទូលំទូលាយឡើង ដើម្បីបុព្វហេតុ សុខសន្តិភាព ស្ថិរភាពសុខដុមរមនា នៅក្នុងសង្គម និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចិរភាព៕