អាណាព្យាបាល និង សិស្សនិស្សិត បានថ្លែងអណរគុណចំពោះ អភិបាលខេត្តប៉ៃលិន ដែលបានគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ
ប៉ៃលិន៖កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ អាណាព្យាបាល និង សិស្សនិស្សិត បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអណរគុណចំពោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលបានគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិនាពេលអនាគត បន្ទាប់ពីរថយន្តក្រុងរបស់រដ្ឋបាលខេត្តប៉ៃលិន ចំនួន ៤គ្រឿង បានដឹកជញ្ជូនសិស្ស និស្សិត ចំនួន ៤៥នាក់ ទៅបន្តការសិក្សា នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងខេត្តបាត់ដំបង ដោយឥតគិតថ្លៃ តាមការសន្យា។
ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានឡើង ចំពោះសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមក ដោយទោចក្រយាន ក្នុងគោលបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង រដ្ឋបាលខេត្តប៉ៃលិនបានដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ជូនសិស្សនិស្សិតជារៀងរាល់សប្តាហ៍ដោយឥតគិតថ្លៃ តាមទីតាំង និងពេលវេលា ដូចខាងក្រោម៖
– ថ្ងៃសុក្រ៖ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥.៣០ នាទីល្ងាច ចំណត់រថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន
– ថ្ងៃអាទិត្យ៖ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំណត់រថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ។
ដូចនេះបើសាធារណៈជន មាតាបិតា អាណាព្យាបាល និងសិស្ស និស្សិត ដែលមានបំណងចង់ធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលខេត្ត សូមធ្វើការទំនាក់ទំនងមកទីចាត់ការរដ្ឋបាល សាលាខេត្តប៉ៃលិន តាមរយៈលេខទូរស័ព្ទ ០៨៨ ៦៧៨៩ ២៩៥ / ០១៦ ៤១៦ ៦៦៨ / ០៩៧ ៥៧៩ ៧៨៧៨ រៀងរាល់ម៉ោងធ្វើការចាប់ថ្ងៃជូនដំណឹងតទៅ៕