ខឹងក្មួយព្រោះរឿងលេង និងបើកទូរស័ព្ទឮខ្លាំងមិនស្តាប់ ទាញពូថៅកាប់ជាច្រើនកន្លែងបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម
ខេត្តបាត់ដំបង៖ពិតជាអាណោចអធម៌ណាស់ ស្ត្រីវ័យ១៦ឆ្នាំម្នាក់ ត្រូវម្តាយមីង កាប់ជាច្រើនកន្លែងបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ព្រោះតែរឿងនិយាយមិនស្តាប់រឿងលេង និងបើកទូរស័ព្ទឮខ្លាំង។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានបញ្ជាក់ឲ្យដឹងថា ករណីឃាតកម្មនេះកើតឡើងនៅអំឡុងម៉ោងជាង ១ រំលងអាធ្រាត ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី០១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
លោកបន្តថា នៅវេលាកើតហេតុខាងលើជនសង្ស័យបាធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះជាក្មួយឈ្មោះសេង គឹម ហ៊ាង ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយគ្នា ពេលដែលនាងជាក្មួយស្រីកំពុងដេកលើគ្រែរងរបួសត្រូវបំពង់ ក ផ្ទៃមុខ និងត្រង់ក្បាលជាច្រើនពូថៅ បណ្តាលស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង ខណ:ពេលដែលម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះរស់នៅក្នុងក្រុងបាត់ដំបងធ្វើការងារ។
លោកវរសេនីយ៍ឯក សុខ សារិន បញ្ជាក់ទៀតថា យោងតាមចម្លើយសារភាពរបស់ជនបង្កបានអះអាងថា មូលហេតុដែលឈានដល់ការកាប់សម្លាប់ក្មួយជីដូនមួយនេះគឺដោយសារគាត់ (ម្តាយមីង ) ជាជនដៃដល់ខឹងនឹងក្មួយជាជនរងគ្រោះនិយាយមិនស្តាប់រឿងលេងទូរស័ព្ទបើកឮៗ និងចេញចូលផ្ទះយប់ៗជ្រៅពេក។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុវត្តនីតិវិធី៕