ស្ត្រីវ័យ៣២ឆ្នាំម្នាក់ ត្រូវប្តីចិត្តអប្រិយ៍ប្រល័យជីវិត នៅខ្ទមស្រែត្រង់ចំណុចថ្នល់ភ្លោះ ឃុំបន្ទាយឆ្មារ មិនដឹងមូលហេតុ
(បន្ទាយមានជ័យ)៖មិនដឹងជាមានរឿង និងមានគំនុំអ្វីដល់ថ្នាក់បុរសជាប្តីចិត្តអប្រិយ៍លើដៃប្រល័យជីវិតប្រពន្ធ បណ្តាលឲ្យស្លាប់ នៅខ្ទមស្រែត្រង់ចំណុចថ្នល់ភ្លោះ ស្ថិតនៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ យ៉ាងអាណោចអធម៌បែបនេះ។
បើតាមនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ចន្លោះវេលាម៉ោង ០២ ទៅ ០៣ទៀបភ្លឺ ដែលបង្ករឡើងដោយឈ្មោះ ឈាក់ ដោះ អាយុ៣២ឆ្នាំ ត្រូវជាប្តី ជនរងគ្រោះ(ប្រពន្ធ)ឈ្មោះ យង់ ទី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រីងកោង ឃុំបុស្បូវ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
នគរបាលបន្តថា ពីនាក់ប្តី ប្រពន្ធខាងលើមុនពេលកើតហេតុ បានមកស្នាក់នៅខ្ទមចាំស្រែ របស់ឪពុកឈ្មោះ យ័ន យង់ អាយុ ៥១ឆ្នាំ នៅចំណុចកន្លែងកើតហេតុខាងលើ បំរុងទៅធ្វើការនៅប្រទេសថៃ លុះដល់ថ្ងៃទី១៨ ខែមេសា វេលាម៉ោង១៥និង០០នាទី ទើបឪពុកត្រឡប់មកពីក្នុងភូមិក្បាលទន្សោងវិញ ក៏ស្រាប់តែឃើញកូនស្រីស្លាប់នៅខាងកើតខ្ទមស្រែ លើពុំនូកចំបើងតែម្តង ឯកូនប្រសារជាជនសង្ស័យ បានរត់គេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាល អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យជំនាញកោសល្យវិច្ឆ័យ បានបង្កើតគណកម្មការត្រួតពិនិត្យនៅកន្លែងកើតហេតុ និងលើសាកសព ព្រមទាំងធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីឈានទៅរកការចាប់ខ្លួនឃាតករ យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕