ករណីរំលោភបូក រួចសម្លាប់នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងនគរបាល ចាប់ឃាត់ខ្លួនជនសង្ស័យបានហើយ
(ឧត្តរមានជ័យ)៖ដោយមានការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងសំរោង ដឹកនាំដោយលោក ហម ភិរម្យ អធិការក្រុង បានដុតដៃដុតជើង ចុះស្រាវជ្រាវ ស៊ើបអង្កេត លើករណីឃាតកម្ម(រំលោភសម្លាប់) នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតបំបែកសំណុំរឿងដោយជោគជ័យ ដោយឃាត់ជនសង្ស័យបានចំនួន៣នាក់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ យកទៅសាកសួរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងជំនាញចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់រួមមាន៖
ទី១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ។
ទី២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ។
ទី៣. ឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ ខាងលើ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ យកទៅរំលោភបូក រួចវាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរខាងត្បូងភូមិ ពិតប្រាកដមែន ។ដោយផ្អែកទៅលើចម្លើយសារភាពខាងលើ កម្លាំងជំនាញបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
គួរំលឹកផងដែរថា៖កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២៣៖០០នាទី នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី រំលោភសម្លាប់ ដែលបង្កឡើងដោយជនសង្ស័យមិស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាប់ជនរងគ្រោះឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានរំលោភ និងវាយសម្លាប់ រួចបោះសាកសពចូលទៅក្នុងទឹកអូរខាងត្បូង ភូមិចំការចេក ៕