ថ្នាក់ដឹកនាំខេត្ត ក្រុង និងមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបុណ្យពិសាខបូជា ទូទាំងខេត្ត
ខេត្តបន្ទាយមានជ័យ៖បុណ្យវិសាខបូជា ជាពិធីបុណ្យមួយដ៏សំខាន់បំផុត ដែលប្រទេសជាអ្នកជឿជាក់នៃព្រះពុទ្ធសាសនា ទូទាំងពិភពលោក ដូចជា ប្រទេសកម្ពុជាផងដែរ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ អភិលក្ខិតសម័យទាំងបីជា ថ្ងៃដែលព្រះសម្មា ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅថ្ងៃ ១៥កើត ខែពេញបូណ៌មី ក្នុងខែពិសាខដូចគ្នាហើយទន្ទឹមនឹងនេះ បុណ្យពិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិ ប្រកាសទទួលស្គាល់នាថ្ងៃទី១៥ ខែធ្នូឆ្នាំ១៩៩៩។ និយាយជារួមនិងនិយាយដោយឡែក សម្រាប់ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ដ មន្ត្រីសង្ឃខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត រដ្ឋបាលក្រុងប៉ោយប៉ែត និងមន្ត្រីសង្ឃនៃក្រុងប៉ោយប៉ែតបានចូលរួមសហការប្រារព្ធពិធីបុណ្យពិសាខបូជា ទូទាំងខេត្តបន្ទាយមានជ័យ នៅវត្តឃោសត្ថារាម ស្រះត្រាច ក្នុងសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ក៏បានដង្ហែក្បួនជុំវិញក្រុងប៉ោយប៉ែត ដែលមានបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ ហេីយក៏បានរៀបចំពិធីទៅតាមបែបព្រះពុទ្ធសាសនា នៅក្នុងសាលាធម្មសភា ក្រោមអធិបតីភាព លោក យឹម សំណាងអភិបាលរងខេត្តនិងលោកស្រី ព្រមទាំងមានការចូលរួម ចំណែកអភិបាលរងខេត្តស្រះកែវប្រទេសថៃផងដែរ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា បុណ្យវិសាខបូជាមិនត្រឹមតែជាបុណ្យសម្រាប់ពុទ្ធសាសនិកជននៅតាមស្រុក ក្រុងឬនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ បុណ្យវិសាខបូជានេះ ត្រូវបានអង្គការសហប្រជាជាតិលើកតម្កើងឲ្យទៅជាថ្ងៃដ៏សំខាន់មួយ របស់ពិភពលោក ដោយបានឲ្យឈ្មោះថា ថ្ងៃពិសាខបូជា ជាថ្ងៃសំខាន់របស់ពិភពលោក ឲ្យរហស្សនាមថាពុទ្ធសាសនាជាសាសនានៃសន្តិភាព។
លោក យឹម សំណាងអភិបាលរងខេត្តបានមានប្រសាសន៍ថា នៅថ្ងៃនេះគឺជាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ហើយចាប់ពីថ្ងៃស្អែក ពុទ្ធសករាជថ្មី នឹងចូលមកដល់២៥៦៨។ក្នុងទិវាដ៏មានអត្ថន័យនេះ សម្រាប់ខេត្តបន្ទាយមានជ័យយើងបានរៀបចំ បុណ្យវិសាខបូជា ក្រោមកិច្ចសហការជាមួយព្រះមេគណ ព្រះគ្រូអនុគណស្រុកក្រុងមន្ត្រីរាជការ អង្គភាពពាក់ព័ន្ធផ្សេងៗ នៅក្នុងបរិវេណវត្ត ឃោសត្ថារាម ស្រះត្រាច នៃក្រុងប៉ោយប៉ែត កាលពីឆ្នាំ២០២៣ យើងបានប្រារព្ធធ្វើឡើងនៅ វត្តគិរីជុំចំការខ្នុរ នៃក្រុងសេរីសោភ័ណ។ជាមួយគ្នានេះផងដែរ នៅតាមគ្រប់វត្តអារាមឬបានឮសំឡេងធម៍ រំលឹកគុណព្រះពុទ្ធសាសនាដែលជា តំបូន្មានជួយអប់រំកូនចៅ ឲ្យប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែក កសាងនូវធនធានមនុស្សដ៏ល្អដល់សង្គមជាតិ ត្រូវបានផ្សព្វផ្សាយនូវគោលការណ៍គ្រឹះព្រះធម៌ព្រះពុទ្ធសាសនា សីល សមាធិ បញ្ញា និងទានសីល ភាវនាអប់រំ មហាជន ឲ្យយល់ដឹង និងជ្រាបពីអ្វីដែលល្អនិងអ្វីដែលអាក្រក់ ពីចាកនូវអំពើបាប និងអំពើអបាយមុខផ្សេងៗ ស្គាល់គុណស្គាល់ទោស និងធ្វើឲ្យពិភពលោកទាំងមូលមានសុខសន្តិភាព ដូចគាថា លោកពោលថា នតិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខណា ប្រសើរជាងសេចក្តីសុខស្ងប់នោះឡើយ៕