ឯកឧត្តម គួច ចំរើន ណែនាំឱ្យមេឃុំ ចៅសង្កាត់ ចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីចង់ដឹងអំពីកង្វល់ និងសំណូមពររបស់ពួកគាត់
ខេត្តព្រះសីហនុ៖ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣១៩គ្រួសារ មកពី៤ឃុំ នៃស្រុកស្ទឹងហាវ ក្នុងនោះឃុំកំពេញចំនួន៧៤គ្រួសារ ឃុំអូត្រេះចំនួន១៤៣គ្រួសារ ឃុំទំនប់រលកចំនួន៥៧គ្រួសារ និងឃុំកែវផុស ចំនួន៤៥គ្រួសារ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានលើកឡើងថា ថ្មីៗនេះ ឯកឧត្តមបានផ្តួចផ្តើមគំនិតឱ្យមេឃុំ ចៅសង្កាត់ ចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ពិសេសចង់ដឹងអំពីកង្វល់ និងសំណូមពរបងប្អូនប្រជាពលរដ្ឋ ជួបការលំបាកអ្វីខ្លះ រួចលើកសំណើមកសាខាកាកបាទក្រហម ដើម្បីស្នើសុំបន្តទៅសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដើម្បីនាំយកអំណោយយកមកចែកជូនបងប្អូន ឲ្យបានទាន់ពេលវេលា ។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានថ្លែងកោតសរសើរចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការរៀបចំកម្មវិធីកម្សាន្តនានា នៅតាមកន្លែងកម្សាន្តក្នុងខេត្តព្រះសីហនុ និងផ្សព្វផ្សាយពីគោលការណ៍គោរពច្បាប់ចរាចរណ៍ ពិសេសមិនមានគ្រោះថ្នាក់ចរាចរណ៍ឆក់យកអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលថ្មីនេះឡើយ។ទន្ទឹមនឹងនោះមន្ត្រីសុខាភិបាលរបស់យើងបានខិតខំបំពេញការងារយាមប្រចាំការ ដើម្បីចាំជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដោយប្រការណាមួយ ព្រោះយើងជាមន្ត្រីត្រូវបំរើសេវាជូនប្រជាពលរដ្ឋ ហើយនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ជាងនេះទៅទៀត យើងក៏បានធ្វើការកែលម្អប្រព័ន្ធសុខាភិបាល ពិសេសវេនប្រចាំការនៅតាមមណ្ឌលសុខភាព ត្រូវមានគ្រូពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងក្របខណ្ឌទូទាំងខេត្ត ដោយពង្រឹងការទទួលខុសត្រូវក្នុងការបម្រើសេវាឱ្យទាន់ពេលវេលា ក្នុងនាមជាមន្ត្រីបម្រើសេវាសាធារណៈលើវិស័យសុខាភិបាល។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រទាំង៣១៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ,មី១កេស ,ត្រីខ១០កំប៉ុង ,ទឹកត្រី១យួរ ,ឃីត១កញ្ចប់ (សារ៉ុង១ ក្រមា១ មុង១ ភួយ១) កន្ទេល១ ,ម៉ាស់១កញ្ចប់ ,ជែល១ដប និងថវិកា ចំនួន៥ម៉ឺនរៀលផងដែរ៕