សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពដែលរងគ្រោះ ដោយសាររន្ទះបាញ់ស្លាប់ នៅក្នុងស្រុកមង្គលបូរី
(បន្ទាយមានជ័យ)៖លោក លី សារី អនុប្រធានអចិន្រ្តៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក គង់ ដារ៉ា សមាជិកគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក អ៊ូ សុភាព លោក ឆុំ ឆាន អភិបាលរងស្រុកមង្គលបូរី និងក្រុមការងារ រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានចុះសូរសុខទុកនិងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាសម្ភារៈ និងថវិការមួយចំនួន ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលរងគ្រោះដោយសាររន្ទះបាញ់ស្លាប់ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះលោក លី សារី បានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយចំពោះគ្រួសារសព ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់គិតគូរ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ឧប្បទ្ទវហេតុផ្សេងមិនថាទីជិតក្តី ឫឆ្ងាយក្តី។
លោកបានបន្តថា៖ក្រោយពីទទួលបានព័ត៌មាន លោកក៏បានដឹកនាំក្រុមការងារចុះសួរសុកទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាមួយចំនួន ចូលរួមចំណែករំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមីជាទីស្រសាញ់ ហើយក៏ជាការចូលរួមចំណែកកាត់បន្ថយជីវភាពបានមួយផ្នែកផងដែរ។
អំណោយដែលត្រូវយកមកចូលរួមចំណែករំលែកទុក្ខជាមួយគ្រួសារសពនោះរួមមាន៖អង្ករ ៧៥គីឡូក្រាម,ទឹកសុទ្ធវីតាល់ ៤កេស ,ទឹកសុទ្ធ ៥យួរ ,ទឹកត្រី ៣យួរ, ទឹកស៊ីអ៊ីវ ៣យួរ ,មី ៣កេស ,ទឹកក្រូចដបធំ១យួរ ,ត្រីខ៣យួរ,កូការដបតូច៤យួរ,ឃីត១កញ្ចប់ និងថវិការ ចំនួន៣០ម៉ឺនរៀលផងដែរ ។
សូមបញ្ជាក់ផងដែរថា៖ករណីរន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់១នាក់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី មានឈ្មោះ ប្រិម ក្រក់ ភេទប្រុស ឣាយុ ៥៩ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងខណៈដែលកំពុងភ្ជួរស្រែ នៅខាងត្បូងភូមិសំបួរ ចំងាយប្រហែល២០០០ម៉ែត្រ ៕