ក្មេងទំនេីង២នាក់ ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការឃាត់ខ្លួនក្មេងទំនេីងចំនួន០២នាក់ ១.ឈ្មោះ អាត អយ(ហេង) ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្នស្នាក់បណ្តោះអាសន្ននៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ២.ឈ្មោះ ហ្វា ម៉ូស្លីម ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៤និង៥០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ក្នុងប្រតិបត្តិការ នោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់យកវត្ថុតាងរួមមាន៖ ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ២០០០ គ្មានផ្លាកលេខ ចំនួន០១គ្រឿង ២.កាំបិតកែច្នៃដងរុំស្កុតពណ៌ខ្មៅ ប្រវែងចំនួន៧២សង់ទីម៉ែត្រ ចំនួន០១ដើម។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះល្បាតក្នុងភូមិសាស្ត្រក្រុង លុះដល់ចំណុចខាងលេី បានប្រទះឃើញក្មេងទំនើងមួយក្រុម ដោយមានការសង្ស័យ កម្លាំងបានធ្វើការឆែកឆេរ រកឃើញមានកាំបិតកែច្នៃ ចំនួន០១ដើម ភ្លាមនោះកម្លាំងបានឃាត់ខ្លួនបានចំនួន០២នាក់ ព្រមទាំងចាប់យកវត្ថុតាងហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ក្មេងទំនេីងទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទុកកាំបិតដើម្បីការពារខ្លួនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕