សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះជូនលោក ស៊ុក អុឹម គ្រួសារក្រីក្រ រស់នៅក្នុងក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះមួយខ្នង ជូនគ្រួសារឈ្មោះ ស៊ុក អុឹម អាយុ ៦៥ឆ្នាំ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ អស់គ្មានសល់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយគ្រួសារគាត់មានជីវភាពក្រីក្រ គ្មានមុខរបរច្បាស់លាស់ ព្រមទាំងមានសមាជិកគ្រួសាររស់នៅក្នុងបន្ទុកចំនួន៦នាក់។
លោក ធូ សុីសុភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថា ដោយបានពិនិត្យនិងធ្វើការចុះប៉ាន់ប្រមាណ ចំពោះគ្រួសារលោក ស៊ុក អុឹម ឃើញថា មានជីវភាពក្រីក្ររស់នៅក្នុងភូមិ តារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានជីវភាពខ្វះខាត ថែមទាំងត្រូវភ្លើងឆេះផ្ទះអស់ទៀត។ដូចនេះសាខាកាកបាទក្រហមបានធ្វើការសាងសង់ផ្ទះថ្មីមួយខ្នង ដែលមានទំហំទទឹង ៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រសង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីបានចាក់ស៊ីម៉ង់ សង់ផ្ទាល់ដី សរុបថវិកាអស់ចំនួន ១៣០០ដុល្លារសហរដ្ឋអាមេរិក ។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា ផ្ទះថ្មីដែលបានប្រគល់ជូន ប្រជាពលរដ្ឋនាថ្ងៃនេះគឺជាផ្ទះមនុស្សធម៌ទី១៣ របស់សាខាកាកបាទក្រហម ដែលផ្ទះនីមួយៗមានលក្ខណៈតូចល្មមសមរម្យ និងរឹងមាំដែលអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត ហើយក្នុងការអនុវត្តគម្រោង សាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាតខ្វះទីជម្រកស្នាក់នៅ ពិតជាបានលើកកម្ពស់ តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា រាល់សម្ភារៈថវិកាទាំងអស់ គឺបានមកពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រីសប្បុរសជន ដែលបានចូលរួមបរិច្ចាគថវិកា ក្នុងពិធីអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទរួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍ មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ។ បញ្ចប់នៃកម្មវិធី សម្រាប់ប្រជាពលរដ្ឋចូលរួមចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ និងគ្រួសារលោក ស៊ុក អុឹម ក្រៅពីបានទទួលផ្ទះក៍មានអំណោយបន្ថែមទៀត រួមមានអង្ករ ៥០គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ ធុងទឹក៦០លីត១ ឆ្នាំង២ ចានបាយ៥ ស្លាប៥ កន្ទេលជ័រ២ និងទឹកបរិសុទ្ធចំនួន ២យួរផងដែរ៕