អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន យាងចុះសាកសួរសុខទុក្ខប្រជានុរាស្ត្រជនមានពិការភាព និងចាស់ជរា ព្រមទាំងសិស្សានុសិស្សទីទាល់ក្រ ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី
(ខេត្តសៀមរាប) នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ
អមដំណើរដោយឯកឧត្ដម និងលោកជំទាវទីប្រឹក្សា រួមទាំងសហការីយាង និងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជានុរាស្ត្រ និងសិស្សានុសិស្សទីទាល់ក្រ ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ស្ថិតក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធីដែនសព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមាន អជ្ញាធរមូលដ្ឋាន មន្រ្តីកងកម្លាំង និង ប្រជានុរាស្ត្រក្មេងចាស់ប្រុសស្រីបានរួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ហើយបានសំណេះណាលសាកសួរសុខទុក្ខបងប្អូនប្រជានុរាស្ត្រនៅក្នុងតំបន់នោះប្រកបដោយសេចក្តីស្និទ្ធិស្នាល និងស្នាមញញឹម។
ថ្លែងក្នុងពិធីសំណេះសំណាលនោះអ្នកអង្គម្ចាស់ បានផ្តាំផ្ញើដល់បងប្អូនប្រជានុរាស្ត្រអោយខិតខំប្រឹងប្រែង កសាងជីវភាពគ្រួសារ ជាពិសេសជួយជម្រុញអោយកុមារាកុមារីចូលសិក្សារៀនសូត្រអោយបានគ្រប់ៗគ្នា
ក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន រួមទាំងក្រុមការងារ បាននាំយកអំណោយចែកជូនដល់ ជនមាន ពិការភាព និងចាស់ជរាទីទាល់ក្រ ចំនួន៣០០គ្រួសារ
ក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,ស្ករស ,អំបិល ,ប៊ីចេង និងប្រេងឆា
ដោយឡែកសិស្សានុសិស្សចំនួន១០០នាក់
ក្នុងសិស្សម្នាក់ៗទទួលបានសៀវភៅ១ដុំ ,ប៊ិច៥ដើម ,បន្ទាត់១ និងថវិកា៤០០០រៀល ព្រមទាំងផ្តល់ឈុតសំលៀកបំពាក់ និងថវិកាមួយចំនួន
ដល់បងប្អូនប្រជាការពារភូមិផងដែរ ។
ក្នុងនាមអ្នកអង្គម្ចាស់ផ្ទាល់
សូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការ កើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
ទាំងមន្ត្រី និងប្រជានុរាស្រ្ត មានសេចក្តីត្រេកអរយ៉ាងពន់ពេកចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញមកដល់មូលដ្ឋានប្រជានុរាស្ត្រដោយផ្ទាល់ និងសូមថ្លែង អំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្រ្តក្រីក្របន្ថែមទៀត។
ជាទីបញ្ចប់ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធីដែន សូមផ្តាំផ្ញើដល់
បងប្អូនប្រជានុរាស្ត្រខ្មែរទាំងអស់សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតឋេរចេរកាលជានិច្ចនិរន្តរ៍តរៀងទៅ៕