ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនខ្មែរឥស្លាម២៦២គ្រួសារ មកពីក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី
(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អមដំណើរដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ព្រះចៅ សាល់ម៉ាន ពិន អាប់ទុលអាហ្សីស ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចែកជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាម ២៦២គ្រួសារ មកពីក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ស្ថិតនៅបរិវេណព្រះវិហារខ្មែរឥស្លាមភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានបន្តថា៖សហគមន៍ឥស្លាមត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេស ដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាម ជារៀងរហូតមក។ទន្ទឹមនឹងនេះ ទោះបីជាស្ថិតក្នុងបរិបទកូវីដ.១៩ ក៏ដោយនៅក្នុងឆ្នាំ២០២០ សហគមន៍ឥស្លាមទទួលបានជំនួយតាមរយៈអង្គការ –សមាគមនានា ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅស្រុក រហូតដែលសរុបជាថវិកា ៣,៣៧៨,៤២១ដុល្លារ។ដោយឡែក សម្រាប់ឆ្នាំ២០២១ ជំនួយដល់សហគមន៍ឥស្លាមកម្ពុជាកើនឡើង សរុបជាថវិកាចំនួន ៤,៤៥៦,២៩៨ដុល្លារ។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ជាក់ស្តែងថ្ងៃនេះកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន យើងបានទទួលពីព្រះចៅ សាល់ម៉ាន ពិន អាប់ទុលអាហ្សីស ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ឧបត្ថម្ភដល់អ្នកបួសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ខែរ៉ម៉ាឌន ឆ្នាំ១៤៤៣ម.ស គ្រប់គ្រងដោយស្ថានទូតព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
សម្រាប់កញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនដែលចែកជូនរួមមាន៖ អង្ករ ១៥គីឡូក្រាម,ត្រីខ ៥កំប៉ុង,ស្ករស ២គីឡូក្រាម,ទឹកដោះគោខាប ២កំប៉ុង,មី ១០កញ្ចប់,ប្រេងឆា ១លីត្រ និងទឹកត្រី ១ដបផងដែរ៕