ព័ត៌មានជាតិ

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ​អុី ឈាន អញ្ចើញជា​គណ:អធិបតី ក្នុងពិធីប្រកា​សចូលកាន់​មុខតំណែ​ងក្រុមប្រឹក្សា​ខេត្តប៉ៃលិន ទាំង១៥រូប ក្នុងអាណត្តិទី៤ថ្មីនេះ

ប៉ៃលិន៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ខេត្តប៉ៃលិន បានប្រារព្ធ​ពិធីប្រកាស​ចូលកាន់តំ​ណែងក្រុមប្រឹក្សា​ខេត្ត អាណត្តិទី៤ ចំនួន ១៥រូប ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេស​រដ្ឋមន្ត្រី ​អុី ឈាន ប្រធានក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ។ពិធី​នេះបាន​ប្រារព្ធធ្វើ​ឡើងនៅ​សាលប្រជុំសាលាខេត្ត ដោយ​មានការអញ្ជើញចូលរួម​ពីសំណាក់ក្រុមកា​រងាររាជរដ្ឋាភិ​បាលចុះមូល​ដ្ឋានខេត្ត លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាល នៃគណៈអភិបាលខេត្ត, ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកសមាជិកាអាណត្តិថ្មី, អភិបាលរងខេត្ត ថ្នាក់ដឹកនាំ​មន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលក្រុង/ស្រុក និងអ្នកពាក់ព័ន្ធ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើរបាយការណ៍ស​ង្ខេបពាក់​ព័ន្ធភូមិសាស្ត្រ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្ត ពិសេសការចូលរួមចំណែក របស់ក្រុម​ប្រឹ​ក្សាខេត្ត ជាមួយគណៈអភិបាលខេត្ត ដែលបានធ្វើឲ្យរដ្ឋបាលខេត្ត សម្រេចបា​ននូវការដោះ​ស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ជាពិសេសបា​នសម្តែងនូវការចូលរួមអបអរសាទរយ៉ាងក្រៃលែង ចំពោះក្រុមប្រឹក្សាខេត្ត អាណត្តិថ្មីនេះផងដែរ។

បន្ទាប់ពីប្រគ​ល់ព្រះរាជក្រឹត្យទទួលស្គាល់ជូនដល់ក្រុមប្រឹក្សាខេត្ត អាណត្តិថ្មី និងការឡើងធ្វើ​ការប្តេ​ជាចិត្ត របស់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត តំណាងឲ្យសមាជិក​សមាជិកាទាំង​អស់រួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី ​អុី ឈាន ប្រធានក្រុមការងាររាជរ​ដ្ឋាភិបាលចុះ​មូលដ្ឋានខេត្ត​ប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែល​កំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះត្រូវខិតខំប​ម្រើផល​ប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព ជាពិសេសគឺ​មិនត្រូវ​ប្រ​កាន់និន្នាការនយោបាយណាមួយឡើយ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ​អុី ឈាន ក៍បានចូលរួមអបអរសាទរចំពោះ ប្រ​ធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តអាណត្តិថ្មី ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺស​មាជិកក្រុម​ប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិកសមា​ជិកា​ក្រុម​ប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តប៉ៃលិន ជាមួយគណៈ​អភិបា​លខេត្ត បន្តអភិវឌ្ឍន៍រីកចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button