អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ )៖លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១–ឈ្មោះ ភ័ណ ប្រុសពៅ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនឡាញ ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ,២–ឈ្មោះ ជួន ដូន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ក្នុងប្រតិបត្តិការ នោះកម្លាំងចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកIphone7 ពណ៌ខ្មៅ) និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា មុនឈានដល់ការបង្រា្កបករណីខាងលើនេះ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចខាងលើ។ ភ្លាមនោះលោកបានដឹកនាំកម្លាំង ចុះទៅដល់ចំណុចកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានបន្តថា បន្ទាប់ពីកម្លាំងជំនាញគ្រឿងញៀនធ្វើតេស្តរកសារធាតុញៀនឃើញថាជនសង្ស័យទាំងពីរនាក់ជាលទ្ធផលវិជ្ជមាន (+) ។ ក្រោយឃាត់ខ្លួននិងសួរចម្លេីយរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀន យកមកប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងយោងតាមការធ្វើតេស្តរកសារធាតុញៀន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅតុលាការ ហើយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះដើម្បីអនុវត្តតាមនីតិវិធី៕