លោក ឈឿង ក្រៃយ៉ុង និងក្រុមការងារ អញ្ជើញចុះវាស់វែងទីតាំងដីជាក់ស្តែង និងបើកកិច្ចប្រជុំដោះស្រាយចំនួន០២ករណី ក្នុងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី
(បន្ទាយមានជ័យ) បញ្ហាទំនាស់ដីធ្លី និងវិវាទដីធ្លី គឺជាបញ្ហាមួយដ៏ស្មុគស្មាញសម្រាប់អាជ្ញាធរខេត្ត ក្នុងការដោះស្រាយ។ក្រុមការងារចម្រុះថ្នាក់ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងមន្ត្រីជំនាញ ដឹកនាំដោយលោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះវាស់វែងទីតាំងដីជាក់ស្តែង និងបើកកិច្ចប្រជុំដោះស្រាយចំនួន០២ករណី ក្នុងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី កិច្ចប្រជុំដោះស្រាយនេះធ្វើនៅសាលាឃុំគោកបល្ល័ង្គ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការចុះវាស់វែងទីតាំងដីជាក់ស្តែង និងបើកកិច្ចប្រជុំដោះស្រាយចំនួន០២ ករណី៖ទី១–ប្រជុំដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ លើគំនូសផែនទីបឹង អូរ ប្រឡាយ ដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ពាក់ព័ន្ធទីតាំងដីរបស់ឈ្មោះ យោង សូអៀ និងឈ្មោះ ត្រឹម សុំ និងទី២–ករណីឈ្មោះ ព្រីម សុំ ស្នើសុំប្តឹងឈ្មោះ ម៉ក់ ត្រឹមសុំស្នើសុំបឹងឈ្មោះ ជឿន,ស៊ាន តាប់, ដោយសេរី មានទីតាំងស្ថិតនៅភូមិជើងចាប់ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះលោក អភិបាលរងខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ត្រីជំនាញរួមមាន៖
១,សូមឲ្យខាងមន្រ្តីជំនាញខាងអន្តរវិស័យធ្វើការកំណត់ពេលវេលាឲ្យបានត្រឹមត្រូវ ដោយធ្វើការកំណត់ពេលប្រជុំសម្រេចចុងក្រោយនៅសាលាខេត្តបន្ទាប់ពីខាងជំនាញធ្វើការដំឡើងផែនទី ទីតាំងរួចរាល់ នឹងធ្វើការអញ្ជើញសមាសភាពពាក់ព័ន្ធចូលរួម។
២,មន្ទីរធនធានទឹកត្រូវត្រៀមឯកសារពាក់ព័ន្ធ និងសហការជាមួយមន្ត្រីជំនាញមន្ទីរសុរិយោដី ដោយធ្វើការផ្ទៀងផ្ទាត់ លើគំនូរទីតាំង អំពីផលប៉ះពាល់ របស់ដីរដ្ឋ និងដីប្រជាពលរដ្ឋ។
៣,អាជ្ញាធរឃុំត្រូវរកឯកសារពាក់ព័ន្ធជំនាន់ចាស់ៗ ដើម្បីយកមកធ្វើការផ្ទៀងផ្ទាត់គ្នា។
ជាមួយគ្នានោះលោក ឈឿង ក្រៃយ៉ុង ក៏បានធ្វើការសំណូមពរដល់ភាគីទាំងពីរត្រូវមានឆន្ទៈស្មោះត្រង់ក្នុងការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការដោះស្រាយជាមួយគ្នា ដើម្បីទទួលបានការឈ្នះឈ្នះ ក្នុងការដោះស្រាយក្រៅប្រព័ន្ធតុលាការ៕