សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តតាកែវ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២
(តាកែវ)៖នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តតាកែវ បានរៀបចំកិច្ចប្រជុំបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តម អ៊ូច ភា បានថ្លែងចូលរួមអបអរសាទរចំពោះសមិទ្ធផលនានា ដែលសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅមូលដ្ឋានខេត្តតាកែវ សម្រេចបានរយះពេលកន្លងមក និងសូមថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត របស់ថ្នាក់ដឹកនាំសមាគម ក៏ដូចជាសមាជិក សមាជិកាទាំងអស់ ដែលលះបង់មានឆន្ទះខ្ពស់បម្រើប្រជាពលរដ្ឋនៅមូលដ្ឋានទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ហើយទន្ទឹមនេះដែរ ត្រូវបន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវយកបញ្ហាពលរដ្ឋជាបញ្ហាអាទិភាពផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ ហើយក្នុងនាមមន្រ្តីមូលដ្ឋាន ត្រូវតែអនុវត្តការងារនេះ ឱ្យបានល្អបំផុត ដើម្បីភូមិឃុំយើង ដែលមានលក្ខណៈសម្បត្តិ ០៧យ៉ាង រួមមានៈ
១–ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
២–គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣–មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
៤–គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្ដី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥–ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦–មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ។
៧–ឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាលជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព ៕ ដោយ ៖ លោក ផូង បញ្ញា